លោក មីន អោងលាំង សន្យាសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានបានជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់រួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិចផងដែរ

ភ្នំពេញ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយសម្ដេចតេជោ ហ៊ុន សែន ថាលោកនឹងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។

ការសន្យានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ានិងបានជួបជាមួយលោក មីន អោនលាំងនៅរសៀលថ្ងៃទី៧ ខែមករានេះ។

លោក មីន អោងលាំង បានជម្រាបជូនសម្ដេចតេជោថារដ្ឋាភិបាលយោធារបស់លោកបានសម្រេចប្រកាសបទឈប់បាញ់គ្នាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ២០២២ និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត។

លោកបានអបអរសាទរចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានសន្យាផ្តល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។

ក្នុងសេចក្ដីប្រកាសរួមដែលបានចេញផ្សាយនាថ្ងៃទី៧ ខែមករានេះបានបញ្ជាក់ថា៖ «ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច» ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោបានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាការទទួលបានសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សេចក្ដីប្រកាសរួមថ្ងៃនេះជាសញ្ញាវិជ្ជមានដែលបើកផ្លូវឱ្យមានការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆ័នទាំង៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានជាប់គាំងកាលពីកន្លងទៅ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគីទទួលយកការសម្របសម្រួលរបស់បេសក

ជនពិសេសអាស៊ានការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ហើយអាស៊ាននាពេលចុងក្រោយក៏សម្រេចមិនដាក់បញ្ជូលប្រទេសមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនផងដែរ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានជំហរផ្សេងដោយថានឹងមិនទុកឱ្យមីយ៉ាន់ម៉ានៅក្រៅពីអាស៊ានទៀតនោះទេ ដើម្បីពង្រឹងភាពរួបរួមនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online