លោក ម៉ាក្រុង៖ បារាំងនឹងបន្តសងសឹកប្រឆាំងជាមួយទង្វើរបស់អូស្ត្រាលី ក្នុងជម្លោះកិច្ចព្រមព្រៀងនាវាមុជទឹក

បារីស៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានគូសបញ្ជាក់ថា ប្រទេសរបស់លោកបានសងសឹកប្រឆាំងនឹងទង្វើរបស់ប្រទេសអូស្ត្រាលី ហើយបានបន្ថែមថា វិធានការឆ្លើយតបទាំងនេះ នឹងបន្តទៅមុខក្នុងរយៈពេលយូរទៀត។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំងរូបនេះបាននិយាយថា រដ្ឋាភិបាលអូស្ត្រាលីមានអាកប្បកិរិយាមិនល្អទាល់តែសោះ នៅពេលដែលបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសបារាំង។ អូស្ត្រាលីបានចំណាយទឹកប្រាក់ចំនួន ២.៤ពាន់លានដុល្លារលើនាវាមុជទឹករបស់ប្រទេសបារាំងរួចហើយ មុនពេលការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិសុខ នៅក្រោមសម្ព័ន្ធ AUKUS ជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្រ្តាលីលោក ស៊ីម៉ុន ប៊ឺមីងហាំ បាននិយាយថា ព័ត៌មានលម្អិតជុំវិញការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសបារាំង និងកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសព្វាអាវុធអាមេរិក ឡុកឃីដម៉ាទីន កំពុងត្រូវបានដំណើរការទៅមុខតាមរយៈកិច្ចចរចា៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online