លោក កាមីនី ថ្កោលទោសទង្វើអាក្រក់របស់ US ជុំវិញការវាយប្រហារនៅអ៊ីរ៉ាក់
ក្រុងតេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក អាយ៉ាតូឡាស់ហ៍ អាលីកាមីនី កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងអំពីការវាយប្រហារផ្លូវអាកាសរបស់អាមេរិកទៅលើក្រុមជីវពលមួយនៅក្នុងប្រទេស អ៊ីរ៉ាក់ នៅក្នុងការធ្វើអត្ថាធិប្បាយលើកដំបូងរបស់លោក ចាប់តាំងពីការឆ្មក់វាយប្រហារជាច្រើនលើកកាលពីចុងសប្តាហ៍មុន។
លោក កាមីនី បានថ្លែងនៅលើគេហទំព័រធ្វីធើរផ្លូវការរបស់លោកថា៖ «រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ និងរូបខ្ញុំផ្ទាល់ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគំនិតអាក្រក់របស់អាមេរិក» ដោយបាននិយាយសំដៅទៅលើការវាយប្រហារជាច្រើនលើករបស់អាមេរិក បណ្តាលឲ្យមនុស្សស្លាប់កាលពីថ្ងៃអាទិត្យ ទៅលើក្រុមជីវពលរបស់លោក ហាស់ដ៍-អាល់-ស្សាអាប៊ី។

ក្រុមអ្នកគាំទ្រនៃកងកម្លាំងប៉ារ៉ាអុីរ៉ាក់ធ្វើការតវ៉ានៅខាងក្រៅស្ថានទូតអាមេរិក ក្នុងក្រុងបាកដាដកាលពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០។ រូប AFP
អាមេរិកបានបើកការវាយប្រហារនៅក្នុងប្រទេស អ៊ីរ៉ាក់ភាគខាងលិច ជាការសងសឹកចំពោះគ្រាប់រ៉ុក្កែតដែលបានសម្លាប់អ្នកម៉ៅការស៊ីវិលជនជាតិអាមេរិកម្នាក់ នៅក្នុងមូលដ្ឋានយោធា ១ កន្លែង នៅប្រទេស អ៊ីរ៉ាក់ភាគខាងជើង កាលពីថ្ងៃសុក្រ។
នៅលើគេហទំព័រធ្វីធើរកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ពីបទ «រៀបចំឲ្យ» ធ្វើការវាយប្រហារនៅពេលថ្ងៃទៅលើស្ថានទូតអាមេរិកនៅក្នុងទីក្រុងបាកដាដ តាមរយៈក្រុមអ្នកតវ៉ាហិង្សា ជុំវិញការវាយប្រហារផ្លូវអាកាសជាច្រើនលើករបស់ US។
នៅក្នុងការឆ្លើយតបវិញ លោក កាមីនី បានថ្លែងថា៖ «បុរសនោះ បានថ្លែងនៅលើគេហទំព័រធ្វីធ្វើរថា យើង (US) យល់ឃើញថា អ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះព្រឹត្តិការណ៍នៅទីក្រុងបាកដាដ យើងនឹងឆ្លើយតបទៅអ៊ីរ៉ង់វិញ»៕
ប្រភព៖ https://www.postkhmer.com/