លោក Putin ប្រាប់​អ៊ុយក្រែន​ឲ្យ​ឈប់​ប្រយុទ្ធ 

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា យុទ្ធនាការ​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នឹង​អនុវត្ត​ទៅ​តាម​ផែនការ និង​មិន​បញ្ឈប់​នោះទេ លុះត្រាតែ​រដ្ឋាភិបាល​អ៊ុយក្រែន​ឈប់​ប្រយុទ្ធ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Putin បាន​ថ្លែង​ដូច្នេះ ស្រប​ពេល​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជម្លៀស​ប្រជាជន​ចំនួន​ប្រហែល ២ សែន​នាក់​ចេញ​ពី​ទីក្រុង Mariupol ដែល​ជា​ទីក្រុង​រងការ​វាយប្រហារ​ដោយ​គ្រាប់​ផ្លោង​របស់​រុស្ស៊ី​យ៉ាង​ធ្ងន់ធ្ងរ បាន​បរាជ័យ​នៅ​ក្នុង​ថ្ងៃ​ទី​ពីរ។

មនុស្ស​ភាគច្រើន​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង Mariupol ដែល​ជា​ទីក្រុង​កំពង់ផែ​របស់​អ៊ុយក្រែន កំពុង​ស្នាក់នៅ​ក្នុង​កន្លែង​ជ្រក​ពួន​ពី​គ្រាប់ផ្លោង ដើម្បី​គេចពី​គ្រាប់​ផ្លោងដែល​កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ស្ទើរតែ​រាល់​ថ្ងៃ​អស់​រយៈពេល​ជាង ៦ ថ្ងៃ​មក​ហើយ។ ការ​បាញ់​គ្រាប់​ផ្លោង​ពី​សំណាក់​ទាហាន​រុស្ស៊ី​នេះ​បាន​កាត់​ផ្ដាច់​ស្បៀង​អាហារ ទឹក និង​ការ​ផ្គត់ផ្គង់​អគ្គិសនី​និង​កម្ដៅ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​អ៊ុយក្រែន៕

ប្រភព÷ VOA