ល្បិចចោរទម្លុះដំបូល រួចទម្លាក់អង្រឹងចុះ ចូលធ្វើសកម្មភាពយកខ្ទេចខ្ទី (វីដេអូ)
ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីចោរឡើងកាត់ដំបូលផ្ទះប្រជាពលរដ្ឋ ហើយចូលលួចយកទូរស័ព្ទដៃអស់ប្រមាណ១០០គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ១និង១៥នាទីយប់ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅចំណុចហាងលក់ទូរសព្ទ័យីហោ «ធី សំបូរ» ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ធី សំបូរ ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅស្ថិតក្នុងភូមិ-ឃុំកើតហេតុ។ ចំណែកសម្ភារៈដែលត្រូវចោរលួចបាត់ រួមមាន ១-ទូរស័ព្ទម៉ាកសាំសុងប្រហែល៤០គ្រឿង, ២-ទូរស័ព្ទមួយទឹកប្រហែល៦គ្រឿង(ម៉ាកសាំសុង), ៣-ទូរស័ព្ទម៉ាក iPhone ប្រហែល២៥គ្រឿង, ៤-ទូរស័ព្ទម៉ាកOppo ប្រហែល១៩គ្រឿង និង៥-ប្រាក់ខ្មែរប្រហែល៦០០.០០០រៀល ។
សេចក្តីរាយការណ៍បន្តទៀតថា រីឯវត្ថុតាងដែលចោរបានបន្សល់ទុកនូវកន្លែងកើតហេតុ រួមមាន១-អង្រឹង ៣, ២-ស្បែកជើង១គូ, ៣-អាវដៃវែខ្មៅឆ្នូតចំនួន១, ៤-ទឹកសុទ្ធចំនួន២ដប និង៥-មាស់ពាក់មុខពណ៌ខ្មៅចំនួន១ ។

តាមសាក្សីជាម្ចាស់ផ្ទះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងខាងលើ ប្រពន្ធជនរងគ្រោះឈ្មោះ ឡេង សំឃឿន បានក្រោកពីដំណេកទៅរកទឹកផឹក រួចក៏ឮសម្លេងចេញពីកន្លែងទូដាក់ទូរស័ព្ទ ។ ស្របពេលនោះប្រពន្ធគាត់ក៏ដើរទៅអើតមើល ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទូប្រមូលយកសម្ភារៈ ភ្លាមនោះស្ត្រីប្រពន្ធជនរងគ្រោះបានស្រែកប្តីថា «មានចោរចូលផ្ទះ» ។

ប្រភពដដែលបន្តថា ក្រោយពេលឮប្រពន្ធស្រែកបែបនេះ បុរសជាប្តី (ជនរងគ្រោះ) ក៏ស្ទុះចេញទៅបើកទ្វារទី២ តែត្រូវជនសង្ស័យយកខ្សែចងជាប់ពីខាងក្រៅបើកមិនរួចនោះទេ ។ ដោយឃើញដូច្នោះជនរងគ្រោះជាប្តីបានយកកាំបិតអារផ្តាច់ចេញមកក្រៅ ហើយក៏បានឃើញរបស់របររប៉ាត់រប៉ាយ និងអង្រឹងចងទម្លាក់ពីលើដំបូល និងបានចេញទៅក្រៅផ្ទះ ក៏ឃើញស្បែកជើង១គូរ និងអាវដៃវែង១ បន្ទាប់មកជនរងគ្រោះបានឡើងដំបូលផ្ទះ ក៏ឃើញទឹកសុទ្ធចំនួន២ដប និងម៉ាស់ពណ៌ខ្មៅ១ផងដែរ ។

ភ្លាមនោះជនរងគ្រោះបានទូរស័ព្ទទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែក នៅវេលាម៉ោង២និង៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ មករានេះ ខណៈចោរគេចខ្លួនបាត់ទៅហើយ។
បច្ចុប្បន្ននេះ សមត្ថកិច្ចមូលដ្ឋានបកំពុងបន្តការស្រាវជ្រាវរកមុខសញ្ញាចោរគាល់ផ្ទះនេះ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕







ប្រភព៖ https://kohsantepheapdaily.com.kh/