វិធីសាស្ត្រដើម្បីការពារខ្លួនពីឧក្រិដ្ធកម្មបច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា៖ កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត​ ដែលហេតុធ្វេីឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈអំពេីឆបោកប្រាក់ គំរាមកំហែង​ លួចទិន្នន័យ​ និងបទល្មេីសផ្សេងៗ។

ដើម្បីការពារខ្លួនពីឧក្រិដ្ធកម្មបច្ចេកវិទ្យា ក្រុមការងារសូមលើកយកនូវគន្លឹះមូលដ្ឋាន​ ចំនួន៩​ ដូចខាងក្រោម៖

១. ប្រើពាក្យសម្ងាត់ពិបាកទាយ៖ ប្រើប្រាស់លេខសម្ងាត់ដែលមានលាយអក្សរធំ អក្សរតូច លេខ និងតួអក្សរពិសេស​ (Symbol) ជៀសវាងការប្រើប្រាស់លេខសម្ងាត់ដដែលៗសម្រាប់គណនីអនឡាញផ្សេងទៀត។

២. ធ្វេីបច្ចុប្បន្នភាពកម្មវិធីក្នុងម៉ាស៊ុនកុំព្យូទ័រ​ ឬឧបករណ៍ឌីជីថល​៖ ត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ​ (Operating System)​ និងកម្មវិធីទាំងអស់ (Softwares) របស់អ្នកបានធ្វេីបច្ចុប្បន្នភាព​ (upgrade/ update / patch)​ ទៀងទាត់។

៣. បេីកដំណេីរការ​ និងប្រើប្រាស់​ Two-factor Authentication (2FA)៖ ការផ្ទៀងផ្ទាត់ 2FA បានបន្ថែមស្រទាប់សុវត្ថិភាពដល់គណនីអនឡាញរបស់អ្នក រាល់ពេលចូលដំណេីរការគណនីពីម៉ាស៊ុនកុំព្យូទ័រ​ ឬឧបករណ៍ឌីជីថលថ្មីពុំធ្លាប់ប្រេីពីមុន។

៤. ប្រើប្រាស់កូដនីយកម្ម​ (Encryption)៖ ប្រេីប្រាស់ HTTPS (SSL/TLS) នៅពេលចូលដំណេីរការគណនីអនឡាញ​ ឬផ្លាស់ប្តូរព័ត៌មានសម្ងាត់ផ្សងៗ​ ជាពិសេសនៅពេលភ្ជាប់ទៅ Wi-Fi សាធារណៈ។

៥. ប្រុងប្រយ័ត្នបច្ចេកទេស​លួចទិន្នន័យ​ Phishing៖ ប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុងអ៊ីមែល (Email Attachment)​ និងតំណភ្ជាប់ (Link/URL) ពីប្រភពពុំច្បាស់លាស់ ព្រោះអាចបង្កប់នូវមេរោគ ឬភ្ជាប់ទៅកាន់គហទំព័របញ្ឆោតលួចព័ត៌មាន។ សូម​ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអ៊ីមែល​ ឬតំណភ្ជាប់​ ដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន​ ឬហិរញ្ញវត្ថុ​ ។ល។

៦. ការពារព័ត៌មានផ្ទាល់ខ្លួន​ (ឯកជនភាព)៖ កំណត់ឯកជនភាព​ (ឧទាហរណ៍៖​ អាសយដ្ឋាន​ ថ្ងៃខែឆ្នាំកំណេីត​ លេខទូរស័ព្ទ​ ។ល។ )​ នៅលើប្រព័ន្ធផ្សព្វផ្សាយ​ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីអនឡាញផ្សេងទៀត។

៧. បម្រុងទុកទិន្នន័យ​ (Backup)៖ បម្រុងទុកឯកសារ និងទិន្នន័យសំខាន់ៗ ក្នុងឧបករណ៍ផ្ទុកផ្សេងទៀត​ (ឧទាហរណ៍៖​ Flash Drive ឬ​ External Hard Disk ។ល។ )​ ដោយចាក់សោរឯកសារទាំងនោះ​ និងទូកដាក់នៅទីកន្លែងមានសុវត្ថិភាព។

៨. ដំឡេីងកម្មវិធីបង្កេីនសុវត្ថិភាព៖ ដំឡេីងកម្មវិធីសុវត្ថិភាព រួមមានកម្មវិធីកម្ចាត់មេរោគ VPN និងជញ្ជាំងភ្លើង (Firewall) ដើម្បីការពារកុំព្យូទ័រ និងឧបករណ៍ចល័តរបស់អ្នកពីការគំរាមកំហែង​ ឬការជ្រៀតចូល​។

៩. ធ្វេីសេចក្តីរាយការណ៍៖ ករណីរងគ្រោះ​ ឬដឹងព័ត៌មានអំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវធ្វេីសេចក្តីរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច។