វៀតណាម បានវិលត្រឡប់ទៅការប្រកាសអាសន្នកម្រិតខ្ពស់ជាថ្មី និងកំពុងជម្លៀសប្រជាពលរដ្ឋប្រមាណ ៨០,០០០នាក់

ក្រុមអាជ្ញាធររបស់ប្រទេសវៀតណាម កំពុងជម្លៀសប្រជាពលរដ្ឋប្រមាណ ៨០,០០០នាក់ ដែលភាគច្រើនជាអ្នកទេសចរក្នុងស្រុក ចេញពីភាគកណ្ដាលទីក្រុងដាណាង នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីប្រជាពលរដ្ឋ ០៣នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។

រដ្ឋាភិបាលរបស់ប្រទេសវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយ ពាក់ព័ន្ធនឹងការជម្លៀសប្រជាពលរដ្ឋនេះ ដោយបានបញ្ជាក់ថា ការជម្លៀសប្រជាពលរដ្ឋនេះនឹងចំណាយពេល ០៤ថ្ងៃ តាមប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ប្រហែល ១០០ជើង ជារៀងរាល់ថ្ងៃចេញពីទីក្រុងដាណាង ទៅកាន់ទីក្រុងចំនួន១១ នៅប្រទេសនេះ។

វៀតណាម បានវិលត្រឡប់ទៅការប្រកាសអាសន្នកម្រិតខ្ពស់ជាថ្មី បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសនេះ កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍លើកដំបូងរបស់ខ្លួន ចាប់តាំងពីខែមេសា និង ០៣ករណីឆ្លងទៀត កាលពីថ្ងៃអាទិត្យ នៅគ្រប់តំបន់ទេសចរណ៍សំខាន់ៗទាំងអស់ នៅទីក្រុងដាណាង ដែលនាំឲ្យអ្នកឆ្លងសរុបនៅប្រទេសនេះ កើនឡើងដល់ ៤២០នាក់៕