សង្ក្រាន្តវត្តភ្នំ រយៈពេល៣ថ្ងៃ មានពលរដ្ឋ និងភ្ញៀវទេសចរជិត២២ម៉ឺននាក់ បានមកលេងកម្សាន្ត

(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ ថាសម្រាប់សង្ក្រាន្តវត្តភ្នំ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរ បានមកចូលរួមកម្សាន្តជិត ២២ម៉ឺននាក់ ប្រកបដោយស្នាមញញឹម និងសប្បាយរីករាយ ក្រោមការរៀបចំដោយយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកបានបន្តថា ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋ បានដេីរលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយ ប្រកបដោយភាពសប្បាយរីករាយ ជាពិសេសបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ ដោយមិនមានបញ្ហាអ្វីកេីតឡេីងគួរឱ្យកត់សម្គាល់អ្វីឡេីយ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំ សម្រាប់ថ្ងៃទី១ មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤ម៉ឺននាក់, នៅថ្ងៃទី២ មានចំនួន៦៥,០០០នាក់ លេីសថ្ងៃទី១ ជាង២ម៉ឺននាក់ និងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយ មានបងប្អូនប្រជាពលរដ្ឋ ចូលរួមចំនួន ១១៥,០០០នាក់ លេីសថ្ងៃទី២ ទ្វេរដង។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានប្រាប់នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ថា រដ្ឋបាលខណ្ឌដូនពេញ បានចែកម៉ាស់ដែលជាអំណោយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលមកកំសាន្តអស់ចំនួន១២.០០០ម៉ាស់ ដោយមិនគិតកម្រៃ។ ចំណែកការចាក់វ៉ាក់សាំង នៅមណ្ឌលចាក់វ៉ាក់សាំងនៅក្នុងបរិវេណសង្ក្រាន្តវត្តភ្នំ បានចំនួន៦៧នាក់ និងមណ្ឌលវត្តឧណ្ណាឡោមចាក់បានចំនួន២២នាក់ សរុបរួមបានចំនួន៨៩នាក់។

ចំណែកសភាពការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ មានលក្ខណ:ល្អប្រសើរណាស់ មិនមានបទល្មើសព្រហ្មទណ្ឌអ្វីគួរឲ្យកត់សំគាល់ឡើយ។

ប្រជាពលរដ្ឋនិងភ្លៀវទេសចរ ដែលមកកំសាន្ត មានការសប្បាយរីរាយ និងអបអរសាទរចំពោះរដ្ឋបាលរាជរាជធានីភ្នំពេញ ដែលបានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីប្រជាពលរដ្ឋនិងភ្ញៀវទេសចរ មកកំសាន្តសប្បាយ ប្រកបដោយសុវត្ថិភាពខ្ពស់ទាំងការងាររក្សាសន្តិសុខសុវត្ថិភាព និងការងារបង្កាទប់ស្កាត់កូវីដ១៩ផងដែរ៕

ប្រភព៖ Fresh News

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online