សន្តិសុខម្នាក់ទើបមកប្តូរវេនយាមត្រូវគេផ្តាច់ជីវិតមុខធនាគារ
រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខយាមធនាគារម្នាក់ត្រូវបានជនមិនស្គាល់មុខចាក់ជាច្រើនកាំបិត បណ្តាលឱ្យបាត់បង់ជីវិតចោលប្រពន្ធ និងកូនប្រុសស្រីតូចៗចំនួន៦នាក់ឱ្យរស់នៅកំព្រា ខណៈដែលជនរងគ្រោះទើបតែចេញពីផ្ទះមកដល់កន្លែងធ្វើការបានរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ដោយផ្លាស់ប្តូរវេនគ្នាជាមួយសន្តិសុខម្នាក់ទៀតដែលត្រូវអ៊ំរបស់ជនរងគ្រោះឱ្យទៅមុជទឹកម្តងម្នាក់ ។

លុះពេលបុរសជាអ៊ំចូលទៅមុជទឹកបាត់ ហើយបុរសរងគ្រោះកំពុងនៅយាមខាងមុខធនាគារតែម្នាក់ឯង ស្រាប់តែមានក្រុមជនដៃដល់ចំនួនពី៤ទៅ៥នាក់ធ្វើសកម្មភាពប្រតាយប្រតប់ និងប្រើកូនកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលអោយដួលផ្កាប់មុខទៅលើដី រួចហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់ លុះដល់បុរសជាអ៊ំចេញមកវិញ ទើបឃើញជនរងគ្រោះបាត់បង់ជីវិត និងបង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២០ នៅចំណុចខាងមុខធនាគារមួយកន្លែង មានទីតាំងនៅចំណុចផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ៣៣៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹកេងកង។

តាមប្រភពពីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះខាងលើឈ្មោះ ផន វន អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះជាប្តីឈ្មោះ ប៊ុន សុខចំរើន អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខឯកជនរបស់ក្រុមហ៊ុន និងមានកូនប្រុសស្រីតូចៗចំនួន៦នាក់ (ស្រី៤នាក់ និងប្រុស២នាក់) ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកកំណើតនៅភូមិព្រៃកេស ឃុំ ព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ស្ត្រីជាប្រពន្ធក៏បានរៀបរាប់ប្រាប់បន្តថា កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រោយពីចប់ម៉ោង ធ្វើការយាមនៅធនាគារជាវេនពេលថ្ងៃ ប្តីរបស់គាត់បានវិលត្រឡប់ទៅផ្ទះនៅម៉ោងប្រមាណជា៦និង៣០នាទីយប់ដូចសព្វមួយដង ហើយគាត់ក៏បានទិញស្រាបៀរចំនួន៤កំប៉ុងអោយប្តីហូប តែហូបអស់ត្រឹមតែ១កំប៉ុងប៉ុណ្ណោះក៏ចូលដេកទៅ។
ស្ត្រីជាប្រពន្បានរៀបរាប់ប្រាប់បន្តទៀតថា ក្រោយពីហូបបាយល្ងាចរួចហើយ ប្តីរបស់គាត់ក៏បានចូលទៅដេក លុះម៉ោងប្រមាណជា៥ព្រឹកថ្ងៃទី១៩ មីនានេះ ប្តីរបស់គាត់ក៏បានចេញពីផ្ទះទៅធ្វើការយាមនៅធនាគារ ដោយផ្លាស់ប្តូរវេនយប់ជាមួយបុរសជាសន្តិសុខម្នាក់ទៀតដែលត្រូវជាអ៊ំយាមវេនពេលថ្ងៃ ដោយគាត់មិនទាន់ទាំងភ្ញាក់ពីដំណេកផងនោះ។ លុះមួយម៉ោងក្រោយមក ក៏ស្រាប់តែបុរសជាអ៊ុំបានទូរស័ព្ទប្រាប់គាត់ថា «ប្តីរបស់គាត់ត្រូវគេចាក់បាត់បង់ជីវិតបាត់ទៅហើយ»។
ស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់បន្តទៀតថា នៅពេលទទួលបានដំណឹងខាងលើភ្លាម គាត់រួមទាំងកូនប្រុសទី២ម្នាក់ក៏បាននាំគ្នាមកដល់កន្លែងកើតហេតុ ឃើញសពប្តីដេកផ្កាប់មុខនៅក្នុងថ្លុកឈាមនៅក្បែរតុអង្គុយយាមខាងមុខធនាគារ ហើយគាត់ត្រូវបានកម្លាំងមានសមត្ថកិច្ចហៅទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសួរនាំ។
ស្ត្រីជាប្រពន្ធបានបន្តទៀតថា ប្តីរបស់គាត់គឺជាមនុស្សស្លូតត្រង់ណាស់ មិនដែលមានរឿងឈ្លោះប្រកែកជាមួយអ្នកជិតខាង ឬក៏អ្នកណាម្នាក់ម្តងឡើយ ប៉ុន្តែគាត់ឮបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់និយាយថា «កាលពីព្រឹក គាត់បានបើករ៉ឺម៉កម៉ូតូកង់បីកាត់តាមកន្លែងកើតហេតុ បានឃើញមនុស្ស៤ទៅ៥នាក់កំពុងតែឈ្លោះប្រកែក និងប្រតាយប្រតប់គ្នា ហើយគាត់ចង់ចុះទៅជួយដែរ តែដោយសារតែភ្ញៀវគេប្រញាប់ គាត់ក៏ជិះហួសទៅ» ។
ជាចុងក្រោយស្ត្រីជាប្រពន្ធជនរងគ្រោះបានសំណូមពរដល់កម្លាំងមានសមត្ថកិច្ចអោយជួយធ្វើការស្រាវជ្រាវរកចាប់ខ្លួនជនដៃដល់ដែលចាក់ប្តីរបស់គាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ដល់ប្តីរបស់គាត់ដែលជាជនរងគ្រោះផង។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ក្រោយពេលមានការភ្ញាក់ផ្អើលថា មានបុរសជាសន្តិសុខម្នាក់យាមនៅធនាគារត្រូវគេចាក់ ពេលនោះកម្លាំងរបស់លោកក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗបានឃើញជនរងគ្រោះបាត់បង់ជីវិតក្នុងថ្លុកឈាមនៅលើដី ។ ភ្លាមនោះកម្លាំងរបស់លោកធ្វើការសហការជាមួយនឹងកម្លាំងនៃការិយាល័យ កោសល្យវិច្ច័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងបញ្ជូនសពរបស់បុរសជាសន្តិសុខរងគ្រោះយកទៅតម្កល់វត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសលវិច្ច័យផងដែរ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលកម្លាំងមានសមត្ថកិច្ចបញ្ជូនសពរបស់បុរសរងគ្រោះយកមកធ្វើកោសលវិច្ច័យនៅសាលតម្កល់សពក្នុងវត្តស្ទឹងមានជ័យ បានពិនិត្យឃើញថា នៅលើខ្លួនជនរងគ្រោះមានស្នាមរបួសនៅលើដើមទ្រូង និងពោះចំនួន៣កន្លែង ដោយជនដៃដល់បានប្រើកូនកាំបិតចុងស្រួចចាក់ ។ ពាក់ព័ន្ធទៅនឹងករណីនេះដែរ កម្លាំងរបស់លោកនៅមិនទាន់បានដឹងថា ផ្តើមចេញពីជម្លោះ ឬក៏រឿងអ្វីច្បាស់លាស់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដើម្បីឈានទៅរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោស ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកឯជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅកាន់ស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/