សភា​របស់​អ៊ីរ៉ាក់ ​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​វត្តមាន​កងកម្លាំង​បរទេស ​នៅ​អ៊ីរ៉ាក់

ក្រុងបាកដាដៈ សភា​អ៊ីរ៉ាក់​កាលពី​ថ្ងៃអាទិត្យ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​វត្តមាន​កងកម្លាំង​បរទេស​នៅក្នុង​ប្រទេស ​អ៊ីរ៉ាក់ និង​ ទប់ស្កាត់​មិន​ឲ្យ​ពួកគេ​ប្រើប្រាស់ ដែនអាកាស និង​ដែនទឹក​របស់​អ៊ីរ៉ាក់​ជាដាច់ខាត​។

នៅក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ក្រុម​សមាជិកសភា​បាន​បោះឆ្នោត​ដោយមាន​សំឡេង​ភាគច្រើន​នៅក្នុង​ការយល់ព្រម​ឲ្យ​អនុម័ត​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​លុបចោល សំណើសុំ​ជំនួយ​ពី​ក្រុមចម្រុះ​អន្តរជាតិ ដើម្បី​វាយប្រហារ​ក្រុម​រដ្ឋ​អ៊ិស្លាម​ (IS) ​គ្រោង​បញ្ចប់​ប្រតិបត្តិការ​យោធា​ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់​។

យោងតាម​ការសម្រេចចិត្ត​របស់​សភា​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋាភិបាល​អ៊ីរ៉ាក់ ​គួរ​ធ្វើការ​បញ្ចប់​វត្តមាន​របស់​កងកម្លាំង​បរទេស​ណាមួយ​នៅក្នុង​ទឹកដី​ និង​ទប់ស្កាត់​ពួកគេ​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​អ៊ីរ៉ាក់​ដើម្បី​ហេតុផល​ណាមួយ​នៅក្នុង​ប្រទេស​មួយ​នេះ​»​។

បន្ថែម​ពីនេះ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​តំណាង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​គួរតែ​ «​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​អាមេរិក ជុំវិញ​ការរំលោភបំពាន​របស់​ខ្លួន​ទៅ​លើ​អធិបតេយ្យភាព​ និង​សន្តិសុខ​អ៊ីរ៉ាក់​»​។

នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​អ៊ីរ៉ាក់​លោក អាឌែលអាប់ឌុល ម៉ាហ៍ឌី បាន​ចូលរួម​ប្រជុំ​សភា​ដែល​បាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ ហើយ​បាន​ថ្លែង​សុន្ទរកថា​ទៅកាន់​ក្រុម​សមាជិក​សភា​ដោយ​បាន​ថ្លែងថា​៖ «​ការបណ្តេញ​កងកម្លាំង​អាមេរិក​ចេញពី​អ៊ីរ៉ាក់​នឹង​ត្រូវ​បានគិត​ពី​ផលប្រយោជន៍​របស់​អ៊ីរ៉ាក់​ និង​អាមេរិក​ផងដែរ ជាពិសេស​ក្រោយពី​មាន​ហេតុការណ៍​វិវត្ត​ចុងក្រោយ​នេះ​»​។

Content image - Phnom Penh Post

ប្រជាជន​អ៊ីរ៉ាក់​សែង​មឈូស​ចំអកឡកឡឺយ ខណៈ​ពួកគេ​ដង្ហែ​ក្បួន​នៅក្នុង​ចលនា​បុណ្យសព​ឥស្សរជន​ជាន់ខ្ពស់​លោក​ អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស​។ AFP

កិច្ចប្រជុំសភា​បាន​ធ្វើ​ឡើង​ ២ ​ថ្ងៃ​ក្រោយពី​អាមេរិក​បាន​វាយប្រហារ​ដ្រូន​ទៅលើ​ក្បួន​រថយន្ត​យោធា​មួយ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​បាកដាដ​ដែល​បានសម្លាប់​លោក​ ហ្គាស៊ី សូឡេម៉ានី ជា​មេបញ្ជាការ​របស់​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់ និង​លោក​ អាប៊ូម៉ាហ៍ឌី អាល់មូហានឌីស ជា​មេបញ្ជាការរង​របស់​ក្រុម​កងកម្លាំង​យោធា​ប៉ារ៉ាហាស់ដ៍ ស្សាអាប៊ី​នៅ​អ៊ីរ៉ង់​។

ក្រោយពី​វាយប្រហារ​ព្រលាន​យន្តហោះ​នោះ លោក ​អាប់ឌុល ម៉ាហ៍ឌី បាន​អំពាវនាវ​ឲ្យ​សភា​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ ដើម្បី​កែសម្រួល​តំណែង​មន្ត្រី​អ៊ីរ៉ាក់ និង​ធ្វើការ​សម្រេចចិត្ត​តាក់តែង​ច្បាប់​ដ៏ចាំបាច់​ដែល​នឹង​រក្សា​សេចក្តីថ្លៃថ្នូរ ការពារ​សន្តិសុខ​ និង​អធិបតេយ្យភាព​របស់​អ៊ីរ៉ាក់​។

យោធា​ US ​ជាង​ ៥០០០ ​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​អ៊ីរ៉ាក់ ដើម្បី​គាំទ្រ​កងកម្លាំង​អ៊ីរ៉ាក់​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​ក្រុម​ IS ជាពិសេស​ផ្តល់​ការបណ្តុះបណ្តាល​៕

ប្រភព​​​៖  https://www.postkhmer.com/