សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
សៀមរាប៖ ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ០៧ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលពីរកន្លែងផ្សេងគ្នាស្ថិតនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម និងភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ ខេត្តសៀមរាប ។
នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ រួមទាំងវត្ថុតាងមាន៖
១- ឈ្មោះ ប្រុស សំបូរ ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ ធ្វើស្លាក់យីហោ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ពីបទ(រក្សាទុក ប្រើប្រាស់ និងមានសារធាតុ ញៀននៅក្នុងខ្លួន) ។
២-ឈ្មោះ ហ៊ឹម កែនសារ៉ាក់ ហៅង៉ែង ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ពីបទ(រក្សាទុក ជួញដូរ ប្រើប្រាស់ និងមានសារធាតុញៀននៅក្នុងខ្លួន) ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន១៤កញ្ចប់និងថ្នាំគ្រាប់ (WY)កន្លះគ្រាប់ ស្មើនឹងទម្ងន់១៦.៣៦ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង សម្ភារ:វេចខ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីបន្ដនីតិវិធី ៕