សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភ សម្លាប់ ក្មេងស្រីម្នាក់
សៀមរាប៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទណ្ឌបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះអុក វឿ ភេទប្រុស អាយុ ៣១ឆ្នាំ សព្វថ្ងៃរស់នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ពាក់ពន្ធនិងករណី រំលោភសម្លាប់ ។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខ្វាវ លំ ភេទស្រី អាយុ ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឱ្យដឹងថា: នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១ និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផុន ឃីម ភេទស្រី អាយុ១៣ ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងនៅក្នុងភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីរបស់គាត់បានយកកង្កែបមកទុកនៅផ្ទះ ។ពេលនោះចៅស្រីរបស់គាត់បានសុំគាត់ទៅឆ្លុះកង្កែបម្តងទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ ប្រុស បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀបភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥:០០ នាទី ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លាប់នៅវាលស្រែ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អុក វឿ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើបានអោយដឹងថា:ខ្លួនពិតជាបាន ចាប់ជនរងគ្រោះច្រមុជនឹងទឹក អោយសន្លប់ រួចយកមករំលោភ ហើយបានបោះជនរងគ្រោះចូលទៅក្នុងទឹកវិញពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕