សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (ទូរសព្ទ័ដៃ) 

សៀមរាប៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង៥០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ រិន ភាន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ករណីអំពើលួច (ទូរសព្ទ័ដៃ ) ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា : នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង៥០នាទីទៀបភ្លឺ នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ដិប សាមិន ស្ថិតក្នុងភូមិត្របែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។បានក្រោកពីដេក ហើយខ្លួនបានយកទូរស័ព្ទរបស់ខ្លួន ម៉ាក VIVO Y20 ពណ៌ខៀវ ដាក់សាកថ្ម លើក្បាលដំណេក ដោយសាកថ្មក្បែរទូរស័ព្ទរបស់មិត្តភក្តិម្នាក់ទៀតឈ្មោះ ទួន រ៉ាត់វិរៈ ភេទប្រុស ម៉ាក VIVO V19 ពណ៌ទឹកប៉ិច ហើយខ្លួនបម្រុងនឹងដេក ស្រាប់តែពេលនោះខ្លួនបានមើលឃើញ ហើយស្គាល់ថាឈ្មោះ ភាន ភេទប្រុស រស់នៅភូមិត្របែក បានធ្វើសកម្មភាពលបចូលលួចយកទូរស័ព្ទ ដែលខ្លួន និងមិត្តភក្ដិដាក់សាកលើក្បាលដំណេកនោះ (សរុប ចំនួន ០២ គ្រឿង) ។ ភ្លាមៗនោះ ខ្លួន និងមិត្តភក្ដិក៏នាំគ្នារត់ដេញតាមជនសង្ស័យ តែមិនទាន់។ លុះព្រឹកឡើង ជនរងគ្រោះក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមតែម្ដង ។

ក្រោយទទួលបានការរាយកាណ៍ និងពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំដែក ព្រមទាំងកម្លាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតនាំខ្លួនជនសង្ស័យនេះ យកមកសាកសួរនៅអធិការដ្ឋាន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពចូលលួចទូរស័ព្ទ មាន់ ម៉ូទ័របូមទឹក តាមផ្ទះអ្នកស្រុក តាមវត្ត និងចុងក្រោយបានលួចទូរសព្ទ័ ចំនួន ០២ គ្រឿង របស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់បន្ថែមថា : ជនសង្ស័យគឺជាមុខសញ្ញាប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន និងលួចសកម្ម គ្មានទីលំនៅជាក់លាក់ ហើយតែងគេចខ្លួន មិនងាយឃើញមុខក្នុងមូលដ្ឋានទេ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ទូរសព្ទ័ ចំនួន ០២ គ្រឿង ហើយលទ្ធផលវិជ្ជមាន លើការធ្វើតេស្តរកសារធាតុញៀន (ជនសង្ស័យទើបប្រើប្រាស់ព្រឹកមិញ) ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីបន្ត ៕