សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនក្មេងទំនើង ០៤នាក់ យកមកអប់រំ
សៀមរាប៖ នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០នាទី យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការ នគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងចុះល្បាតជុំវិញភូមិសាស្រ្ត ក៏ប្រទះ ឃើញក្មេងទំនើង ០១ក្រុម មានគ្នាចំនួន ០៧នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង និងមានដាក់កាំបិតខ្វែវតាមខ្លួន បង្កការភ្ញាក់ផ្អើល នៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ភ្លាមៗ កម្លាំងអធិការដ្ឋានបានសហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងប្រជាការពារ ចុះឃាត់ខ្លួនក្មេងទំនើង និងនាំមកសួរនាំនៅអធិការដ្ឋាន :
១. ឈ្មោះ ជីវ សុចិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២. ឈ្មោះ ឆៃ ឆំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រវ៉ាល
ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
៣. ឈ្មោះ ចង់ ចិន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
៤. ឈ្មោះ តំ និល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រវ៉ាល
ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្រោយសាកសួរ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានដាក់កាំបិតខ្វែវតាមម៉ូតូដែលពួកខ្លួនជិះពិតប្រាកដមែន ដើម្បីទុកការពារខ្លួន ។
ចំណាត់ការរបស់សមត្ថកិច្ច ដោយសារមិនមានរបួសស្នាមអ្វីទេ (មានកាបិតខ្វែវដាក់តាមខ្លួន ប៉ុន្តែមិនទាន់បានប្រើប្រាស់កាប់គ្នាទេ) ករណីខាងលើនេះ សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរភូមិ អាណាព្យាបាល ដកហូតកាបិតខ្វែវចំនួន០១ ដើម កោរសក់ពួកគាត់ ធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និង អនុញ្ញាតអោយអាណាព្យាបាលធានាយកត្រឡប់ទៅផ្ទះវិញ ៕