សមត្ថកិច្ចនគរបាលក្រុងសៀមរាប​ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណី “ប៉ុនប៉ងមនុស្សឃាត”​ (ជិះម៉ូតូបម្រុងកាប់ជនរងគ្រោះ​) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ក្រុងសៀមរាប:​ នៅថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២២ វេលាម៉ោង២២:៣០​ នាទីយប់ នៅចំណុចខាងត្បូងភ្លេីងស្តុបទន្លេសាប​ ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណី​ “ប៉ុនប៉ងមនុស្សឃាត”​ (ជិះម៉ូតូបម្រុងកាប់ជនរងគ្រោះ​)​ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព​ ជិះម៉ូតូដេញតាមជនរងគ្រោះភេទប្រុស អាយុ៣៧​ ឆ្នាំរស់នៅភូមិកើតហេតុខាងលើ​ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូចូលផ្ទះ​ ស្រាប់តែមានជនសង្ស័យជិះតាមពីក្រោយ ដោយឃើញហេតុការណ៍មិនល្អជនរងគ្រោះបានបើកម៉ូតូចូលក្នុងផ្ទះ​ រួចឆែកកាមេរ៉ាសុវត្ថិភាពមើលភិនភាគជនសង្ស័យហើយក៏ប្ដឹងរាយការណ៍ដល់សមត្ថកិច្ចយើង ក្រោយពីទទួលសេចក្តីរាយការណ៍​ និងទទួលបានភិនភាគជនសង្ស័យ សមត្ថកិច្ចយើងក៏បើកការស្រាវជ្រាវ​ និងស្វែងរកហើយក៏ប្រទះឃើញជនសង្ស័យខាងលើទាំងពីរ​ រួចយកមកសាកសួរ៖

០១-ឈ្មោះ​ ពៅ សាវ៉ាត ហៅដេត ភេទប្រុស អាយុ ២០ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបឹងក្រាញ់ ឃុំបឹងក្រាញ់ ស្រុកសំរោង​ ខេត្តតាកែវ មានទីលំនៅបច្ចុប្បន្ននៅភូមិ​ផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។

០២-ឈ្មោះ​ ឡាង លី ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរជាងកាំបិត មានស្រុកកំណើត​ និងទីលំនៅបច្ចុប្បន្ននៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប​ ។

-ក្រោយពីសាកសួរជនសង្ស័យឈ្មោះ​ ពៅ សាវ៉ាត ហៅដេត​ បានឆ្លើយសារភាពថា​ រូបខ្លួន​ពិតជាបានជិះម៉ូតូតាមពីក្រោយជនរងគ្រោះពិតប្រាកដមែន​ និងបានពោលពាក្យប្រាប់ទៅបក្ខពួកខ្លួនថា​ ប្រសិនបើជនរងគ្រោះចូលផ្ទះមិនទាន់ទេខ្លួននឹងកាប់​ ។ រីឯជនសង្ស័យឈ្មោះ​ ឡាង លី បានឆ្លើយសារភាពថាខ្លួនមានកាំបិតទុកនៅក្រោមកែបម៉ូតូ ហើយខ្លួនក៏ដឹងដែលថាជនសង្ស័យឈ្មោះ​ ពៅ សាវ៉ាត ហៅដេត ពិតជាបានយកម៉ូតូរបស់ខ្លួនជិះដេញតាមជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតបាន៖

-ម៉ូតូជនសង្ស័យ​ ចំនួន​ ០២គ្រឿង និងកាំបិតធ្វើអំពីដែក​ ចំនួនមួយដើម​ ។

-សមត្ថកិច្ចយើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើខ្លួនជនសង្ស័យទាំងពីរដោយជនសង្ស័យឈ្មោះ​ ពៅ សាវ៉ាត​ ហៅដេត (លទ្ធផលវិជ្ជមាន)​ ។

ប្រតិបត្តិការនេះ​ ដឹកនាំបញ្ជាផ្ទាល់ដោយ​លោក​វរសេនីយ៍ទោ​ ដា​ ចំរេីន​ អធិការ​ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប​ ។

បច្ចុប្បន្ន​ជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនទៅ​ ការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធី ៕