សមត្ថកិច្ចបាននាំខ្លួនមកវិញហើយ!បុរស០២នាក់ ដែលបានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តព្រៃវែង

(ព្រៃវែង)៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយបានរកឃើញ និងបានធ្វើការអប់រំណែនាំ និងក៏បាននាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ ។

បុរស់ទាំង០២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។

សូមបញ្ជាក់ជូនថា មនុស្សទាំង០២នាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។

កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា បានរកឃើញអ្នកជំងឺសរុប២៤០នាក់ (ស្ត្រី ៤៦នាក់ និងបុរស១៩៤នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ១៩៧នាក់ (ស្រី ៤៣នាក់ និងបុរស១៥៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤១នាក់ ។