សមត្ថកិច្ចពីរខេត្តសហការគ្នាស្រាវជ្រាវ និងបង្រ្កាបមុខសញ្ញាជនសង្ស័យលួចម៉ូតូនៅខេត្តកំពត

សៀមរាម៖ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទីព្រឹក យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកស្វាយលើ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងប្រគល់ជូនកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា : នៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយលើបានបង្រ្កាបករណី អំពើរលួច (ម៉ូតូ) ដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ វុន រឿន ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិទទឹងថ្ងៃ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើជនរងគ្រោះឈ្មោះ យន ធារី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលកើតហេតុនៅអាគារក្បែរមន្ទីពេទ្យ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។ ជនសង្ស័យបានកាច់សោករម៉ូតូ របស់ជនរងគ្រោះ ហើយបើកគេចពីខេត្តកំពត មកខេត្តសៀមរាប ហើយជនសង្ស័យបានរកលក់ម៉ូតូនោះ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ជនសង្ស័យ រួមជាមួយវត្ថុតាងម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA-DREAM សេរីឆ្នាំ ២០១៦ ពណ៌ខ្មៅ កាំបន្ទះ ស្លាកលេខ កែប 1B-0581 លេខតួលេខម៉ាស៊ីន 9561243 ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចខេត្តសៀមរាបបានប្រគល់ជនសង្ស័យ និងវត្ថុតាងទៅសមត្ថកិច្ចខេត្តកំពតដេីម្បីអនុវត្តនីតិវិធីបន្ត ៕