សមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី មានករណីអំពើលួចម៉ូតូមួយគ្រឿង ធុនC១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខ តាកែវ1Q-៨៩៧០ របស់ជនរងគ្រោះឈ្មោះ គីម ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ កើតឡើងនៅត្រង់ចំណុចភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញ ពីលោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី សហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលដូង បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាបានឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ លី នីម ហៅខ្នីម ភេទប្រុស អាយុ ៣០ឆ្នាំ មុខសញ្ញា ប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ នៅត្រង់ចំណុចលើផ្លូវលំ ស្ថិតនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ ជនរងគ្រោះពិតប្រាកដមែន ក្រោយលួចបាន ខ្លួនជិះគេចខ្លួនទៅ ស្រុកស្អាង ខេត្តកណ្ដាល រួចយកម៉ូតូភិនភាគខាងលើ ទៅប្ដូរ ជាមួយឈ្មោះ យ៉ុម សុភា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល យកម៉ូតូធុន គុបជ្រុង ០១គ្រឿង ពណ៌ខៀវ ដែលមានស្លាកលេខ ក៥៩៣១កណ១ និង លុយថែមចំនួន ៦ ម៉ឺនរៀល។

លុះដល់ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការណ៍ជាមួយ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរកឈ្មោះ យ៉ុម សុភា ស្រាប់តែឈ្មោះនេះគេច ខ្លួនបាត់ យកម៉ូតូធុន C១២៥ ពណ៌ខ្មៅ សេរី២០១៨ ដែលដោះស្លាកលេខទុកនៅផ្ទះរបស់ខ្លួន ទៅផ្លុងចោល នៅលើផ្លូវបេតុង ខាងជើងភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ដោយបានការអនុញ្ញាតិ ពីឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញបានប្រគល់ម៉ូតូ អោយជនរងគ្រោះ ដើម្បីប្រើប្រាស់វិញ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online