សមត្ថកិច្ច ឃាត់ខ្លួនក្មេងទំនើង ០៧នាក់ គប់កញ្ចក់រថយន្ត បណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់ ផ្នែកផ្ទៃមុខ រីឯអ្នករួមដំណើររបួសស្រាល ១៧នាក់ ដោយរថយន្តរេចង្កូតធ្លាក់ផ្លូវ 

អគ្គស្នងការដ្ឋាននគរបាលជាតិ÷ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញមុខក្មេងទំនើងពាក់ព័ន្ធករណី គប់កញ្ចក់រថយន្ត ចំណុចវាលគុក ភូមិសំរិត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានថ្លែងឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានករណីក្មេងទំនើងយកដុំថ្ម គប់ទៅលើកញ្ចក់រថយន្ត របស់ក្រុមប្រគុំតន្ត្រីតាមកម្មវិធីមង្គលការ ពេលវិលត្រលប់ទៅផ្ទះវិញបណ្ដាលឲ្យអ្នកបើកបររបួសធ្ងន់ ផ្នែកផ្ទៃមុខ រីឯអ្នករួមដំណើររបួសស្រាល ១៧នាក់ រថយន្តរេចង្កូតធ្លាក់ផ្លូវ ។

បន្ទាប់ពីទទួលបានពត៌មានខាងលើនេះ ដោយមានការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង បានដឹកនាំកម្លាំង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕