សម្ដេចក្រឡាហោម៖ តួនាទីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជា ដើម្បីធានានូវសន្តិសុខជាតិ ការការពារអធិបតេយ្យភាពជាតិ 

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា តួនាទីរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជា ដើម្បីធានានូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការការពារអធិបតេយ្យភាពជាតិ ដែលកិច្ចការនេះបានធ្វើជាប់ជាប្រចាំ ហើយទីពីរគឺលើកទឹកចិត្តដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ពោលគឺការខិតខំកលើកទឹកដល់អន្តោប្រវេស្តគ្រប់ផ្នែកដែលរស់នៅកម្ពុជាដោយស្របច្បាប់ឱ្យរស់នៅប្រកបដោយភាពសុខស្រួលគ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួចឆក់ប្លន់ជាដើម ដើម្បីឱ្យជនទាំងនោះជួយកៀរគរអ្នកវិនិយោគបរទេសផ្សេងទៀតមកបណ្ដាក់ទុនអភិវឌ្ឍន៍នៅកម្ពុជា និងទី៣គឺកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាជនភៀសខ្លួន។

ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅសណ្ឋាការសុខាភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានសម្រេចបង្កើតនូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាលគ្នានឹងការបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមតម្រូវការចាំបាច់ដើម្បីដោះស្រាយញ្ហាដែលមិនទាន់អាចដោះស្រាយក្នុងពេលកន្លងមក និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃដែលបានផ្ដល់កិច្ចសហការ និងគាំទ្រអគ្គនាយកដ្ឋានថ្មីទាំងពីរនេះស្របតាមតម្រូវការចាំបាច់។

សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការគាំទ្រចំពោះទិសដៅការងារដែលអង្គសន្និបាតបានលើកឡើងនៅទីនេះ ដូចជាការដាក់ចេញសម្រាប់ឆ្នាំ២០២២នេះ ហើយក្នុងនោះសម្ដេចក៏បានផ្ដល់ការរំលឹកបន្ថែមលើកិច្ចការមួយចំនួនទៀត ដូចជាការពង្រឹងការគ្រប់គ្រងគ្រប់ច្រកទ្វារព្រំដែនដើម្បីប្រឆាំងនឹងល្មើសគ្រប់ប្រភេទ ការគ្រប់គ្រងវត្តមានជនបរទេស ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានៅតាមច្រកទ្វារព្រំដែន ការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីពង្រឹងសមត្ថភាព និងជំនាញ និងបានណែនាំឱ្យស្នងការដ្ឋាននគរបាលរាជធានីខេត្ត បង្កើនការខិតខំប្រឹងប្រែងអនុវត្តកិច្ចការអន្តោប្រវេសន៍ដើម្បីរួមចំណែកធ្វើឱ្យស្រេចបានតាមទិសដៅការងារដែលបានកំណត់ក្នុងសន្និបាតនេះ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online