សម្ដេចក្រឡាហោម៖ អភិបាលរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅនឹងកន្លែង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទ និងពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅនឹងកន្លែង មិនត្រូវអើពើឡើយ ត្រូវយកចិត្តទុកដាក់បំផុត។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា គេហទំព័រហ្វេសប៊ុករបស់ សម្ដេច នាពេលបច្ចុប្បន្នទទួលសំណូមពរ និងបណ្ដឹងពីប្រជាពលរដ្ឋតាមរយៈខំមិន ហើយបណ្ដឹងភាគច្រើនពាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬអង្គភាពនានា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំស្នើថា សូមឱ្យរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទ និងមន្ដ្រីទាំងអស់ ធ្វើយ៉ាងម៉េចទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានការអ្វី គាត់ទាក់ទងមកយកយើង ហើយដោះស្រាយនៅកន្លែង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់យើង ត្រូវខិតខំដោះស្រាយ»។

សម្ដេចក្រឡាហោម បានណែនាំបន្ថែមថា អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយប្រជាពលរដ្ឋ ទោះបី បញ្ហាតូច ឬធំ ក៏ដោយ មិនត្រូវបោះបង់ចោលឡើយ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋឱ្យបានជាប់ជានិច្ច។

លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមាននិន្នាការរុករានទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ក្នុងករណីរកឃើញការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ លំបាកដោះស្រាយ។ ទន្ទឹមនេះ នៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះ និងការទាមទារតវ៉ានានានៅមូលដ្ឋាន ត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព៕

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online