សម្ដេចក្រឡាហោម៖ អំពើជួញដូរមនុស្ស ជាអំពើសាហាវព្រៃផ្សៃនិងជាទាសករបែបថ្មី ដែលរដ្ឋាភិបាលមិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានមានប្រសាសន៍ថា «អំពើជួញដូរមនុស្សជាអំពើសាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលយើងមិនអាចបណ្តែតបណ្តោយ និងទទួលយកបាន ហើយរាជរដ្ឋាភិបាលក៏មិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ»។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍យ៉ាងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ថ្វីត្បិតតែអគារមណ្ឌលទទួលពលករកំរៀងនេះមិនសូវធំ តែអគារនេះមានតម្លៃធំធេងណាស់ គ្រប់គ្រាន់ដែលអាចបង្ហាញពីការយកចិត្តទុកដាក់ និងជាការបញ្ជាក់យ៉ាងច្បាស់អំពីឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ប្រភេទ និងពលរដ្ឋដែលគ្រោះថ្នាក់ដោយសារការជួញដូរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ន អគារមណ្ឌលទទួលពលករមាននៅខេត្តបាត់ដំបងមួយកន្លែង និងនៅខេត្តបន្ទាយមានជ័យមួយកន្លែងទៀត ក្នុងករណីចាំបាច់ ស្របតាមឆន្ទៈនយោបាយក្នុងការជួយសង្គ្រោះពលកររងគ្រោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) អាចពិនិត្យលទ្ធភាពកសាងនៅអគារមណ្ឌលបន្ថែមទៀត ដូចជាក្នុងខេត្តឧត្តរមានជ័យជាដើម។

ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្រោមការដឹកនាំរបស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) និងសហការី ដែលបានសម្របសម្រួលយ៉ាងរលូន ជាមួយរដ្ឋបាលខេត្ត-ស្រុក និងអង្គការដៃគូនានា ក្នុងការធ្វើឱ្យសម្រេចនូវរូបរាងអគារទទួលពលករនេះឡើង ព្រមទាំងបន្តសហការ ក្នុងការផ្តល់សេវាចាំបាច់នានាតាមការគ្រោងទុកបានយ៉ាងល្អ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online