សម្ដេចក្រឡាហោម ស ខេង ៖ «អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឲ្យទៅធ្វើការ ធ្វើអត់កើត»

រាជធានីភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ចំពោះការជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ហើយរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់ ពីព្រោះដោយហេតុថាពួកគាត់ទាំងនោះស្គាល់មូលដ្ឋានខ្លួនឯងយ៉ាងច្បាស់ និងងាយស្រួល ធ្វើការងារជូនប្រជាពលរដ្ឋ និងគ្រប់គ្រងមូលដ្ឋានមានប្រសិទ្ធភាពផងដែរ។

សម្ដេចក្រឡាហោមបន្ដថា សព្វថ្ងៃនេះមន្ដ្រីនគរបាលនៅតាម មូលដ្ឋានងាយស្រួលរកណាស់ ពីព្រោះក្មួយៗមានចំណេះដឹងច្រើនណាស់។ សម្ដេចក្រឡាហោមក៏បានរំលឹកឡើងផងដែរថាដែរថា កាលសម័យមុនប៉ូលិសមួយចំនួនមិនចេះអក្សរឡើយ ហើយនៅសម័យនោះ រើសប៉ូលិសឲ្យតែបាន គ្មានគិតពីចំណេះឡើយ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងបន្ថែមនៅចំពោះមុខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលទាំងអស់ដែរថា ដើម្បីឲ្យការងារមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អគឺតម្រូវអោយមន្រ្តីនគរបាលរបស់យើងត្រូវមានទាំងបទពិសោធ និងចំណេះដឹង ដែលចំនុចទាំងពីរនេះត្រូវដើរទន្ទឹមគ្នា ហើយមិនត្រូវមានអំនួតចំពោះបុគ្គលខ្លួនឯង ទាំងដែលខ្លួនគ្មានសមត្ថភាពបំពេញការងារបាននោះឡើយ។ ប្រសាសន៍សម្តេច «អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឲ្យទៅធ្វើការ ធ្វើអត់កើត»ព្រោះអាងខ្លួនមាន៕

By: Bonny ប្រភពពី៖ នាយកដ្ឋានព័ត៌មានវិទ្យា