សម្ដេចតេជោ៖ ការដកម៉ាសចេញ នឹងបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ
ជាមួយនឹងការចូលរួមអរសាទរដល់ប្រជាពលរដ្ឋដែលថ្ងៃនេះនឹងបានរំដោះខ្លួនចេញពីម៉ាស់នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះ គឺជាការចង់បានរបស់ប្រជាពលរដ្ឋរបស់យើង ហើយក៏ជាការចង់បានរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមការសន្សំសំចៃរបស់ប្រជាពលរដ្ឋ។
ក្នុងសារពិសេសជាសំឡេងនាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ជូនជនរួមជាតិ សម្ដេចតេជោមានប្រសាសន៍សង្ឃឹមថា ការដកម៉ាសចេញ នឹងបង្កើតបរិយាកាសសប្បារីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើង ហើយក៏នឹងចូលរួមចំណែកទៅលើការសន្សំសំចៃក្នុងការប្រើប្រាស់ ដោយផ្ទេរការចំណាយពីការទិញម៉ាសមកពាក់បង្វែរទៅជាការទិញម្ហូបអាហារ ទិញសម្លៀកបំពាក់ឱ្យកូនចៅ និងទុកសន្សំប្រាក់កាសនោះ ដើម្បីប្រើប្រាស់ទៅលើគោលដៅផ្សេង។
ប៉ុន្តែសម្ដេចតេជោ ក៏នូវតែអំពាវនាវឱ្យរក្សាទុកម៉ាស់ជាប់និងខ្លួន នៅពេលដែលចូលដល់កន្លែងដែលចាំបាច់ត្រូវពាក់ម៉ាសដូចបានកំណត់ ដែលក្រសួងសុខាភិបាល និងផ្នែកពាក់ព័ន្ធនឹងរៀបចំវិធានការបញ្ជាក់ទៅតាមក្រោយ ថាកន្លែងណាដែលត្រូវពាក់ និងកន្លែងណាដែលមិនត្រូវពាក់ គឺទីកន្លែងដែលបិទជិតរបៀបណា នោះ ហើយបើសិនជាទីកន្លែងដែលបិទជិតនោះគេមិនបើកម៉ាស៊ីនត្រជាក់ ប៉ុន្តែគេបើកបង្អួចគឺអាចចាត់ទុកថា ជាការរំដោះខ្លួនចេញពីការពាក់ម៉ាស់ថែមទៀត។
សម្ដេចតេជោ បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលក្នុងរយៈកាលកន្លងទៅបានចូលរួមយ៉ាងសកម្ម គាំទ្រទៅដល់វិធានការទាំងឡាយដែលរាជរដ្ឋាភិបាលដាក់ចេញ តាមរយៈក្រសួងសុខាភិបាលក្ដីតាមរយៈអាជ្ញាធរថ្នាក់ក្រោមជាតិក្ដី តាមរយៈសារសំឡេងរបស់សម្ដេច ជូនប្រជាពលរដ្ឋក្ដី ហើយដោយសារតែកិច្ចសហប្រតិបត្តិការ និងការ ចូលរួមរបស់ប្រជាពលរដ្ឋនេះហើយ ដែលធ្វើឱ្យប្រទេសរបស់យើងមានភាពធូរ ស្រាល។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានឱ្យដឹងដែរថា ថ្ងៃនេះនៅទូទាំងព្រះរាជាណា ចក្រកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ត្រឹមតែចំនួន០២នាក់ប៉ុណ្ណោះ ដែលនេះជាព្រឹត្តិការណ៍មិនធ្លាប់មាន ហើយជាលើកដំបូងនៅក្នុងប្រវត្តិជាងមួយឆ្នាំ នៅក្នុងរាជធានីភ្នំពេញពុំមានឆ្លងនោះទេ សម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២កាលពីម្សិលមិញ។ នេះគឺជារឿងដែលគួរឱ្យត្រេកអរជាមួយនឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសក្រុមគ្រូពេទ្យក៏ដូចជាផ្នែកពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ចូលរួមអនុវត្តន៍នូវវិធានការទាំងនេះ៕