សម្ដេចតេជោ សម្រេចបញ្ជា ទិញវ៉ាក់សាំងចំនួនជាង១០៤លានដូស បន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦

ដោយសារតែជំងឺកូវីដមិនទាន់បានបិទបញ្ចប់នៅលើពិភពលោក និងការត្រៀមបម្រុងទុកជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់ សាំងនៅក្នុងចន្លោះឆ្នាំ២០២៤ដល់ឆ្នាំ២០២៦ នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន បាន សម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេស ចំនួន ១០៤ ៨៧៣ ១៥៧ដូស បន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

ក្នុងសារជាសំឡេង នាព្រលប់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គិតមកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជាបានរួច ផុត ពីការឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩មានរយៈពេល២៦ថ្ងៃរួចមកហើយ។ បើទោះបីថាជំងឺរាតត្បាតនេះបានកើតឡើងនៅប្រទេសជិតខាងរបស់យើង ក៏ប៉ុន្តែសម្រាប់កម្ពុជាគឺយើងបានឈានដល់សូន្យកូវីដរយៈពេល២៦ថ្ងៃ។ សម្ដេចតេជោបានថ្លែងបន្តថា យើងបានឆ្លងផុតពីគ្រោះមរណៈដែលកើតមានកាលពីឆ្នាំកន្លងទៅ ដែលបានឆក់យកជីវិតប្រជាជនរបស់យើងជាង ៣ ០០០ នាក់ និងឆ្លងជាង១៣ម៉ឺននាក់។ ការដែលយើងទប់ស្កាត់បានគឺ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំង ដើម្បីយកមកចាក់ស្រោចលើប្រជាជនរបស់យើង ដែលធ្វើឱ្យប្រជាជនរបស់យើងកាត់បន្ថយបាននូវការឆ្លង និងកាត់បន្ថយបាននូវការស្លាប់ ហើយឈានមកដល់ដំណាក់កាល មិនមានឆ្លងនិងមិនមានស្លាប់ក្នុងរយៈពេល ២៦ថ្ងៃ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ផ្អែកទៅលើបទពិសោធន៍ដែលយើងមាន វ៉ាក់សាំងគឺជាយុទ្ធសាស្ត្រគន្លឹះ សម្រាប់គ្រប់ គ្រងការពារអាយុជីវិតប្រជាជន ក៏ដូចជា ការការពារសុខមាលភាពរបស់ប្រជាជន។ ហេតុ យ៉ាងដូច្នេះហើយបានជារាជរដ្ឋាភិបាលនៅតែបន្តអំពាវនាវសម្រាប់ប្រជាជន ដើម្បីទៅ ទទួលវ៉ាក់សាំងជាបន្តទៀត។ ក្នុងចំណោម ប្រជាជនជាង១៥លាននាក់ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន នៅមានប្រជាជនរបស់ យើងដែលចាក់ដូសទី៣ទើបនិងបានជាង៩ លាន៣សែននាក់ ហើយអ្នកដែលបានចាក់ដូសទី៤ គឺមាន២លាន៥សែននាក់ សរុបជាទូទៅយើងបានចាក់វ៉ាក់សាំង រហូតទៅ ដល់ជាង៩៤ភាគរយ។ ដោយសារតែពេលនេះទោះបីថាមិនមានការឆ្លងឬស្លាប់នៅកម្ពុជាក៏ដោយ ក៏ប៉ុន្តែកូវីដនៅមិនទាន់ទៅណាឆ្ងាយនៅឡើយនោះទេ។ដូច្នេះជម្រើស ដែលរាជរដ្ឋាភិបាលនូវតែអំពាវនាវចំពោះប្រជាពលរដ្ឋ គឺការទទួលវ៉ាក់សាំងដើម្បីការពារអាយុជីវិត ការពារការឆ្លងចំពោះខ្លួន និងចំពោះ ក្រុមគ្រួសារ ក៏ដូចជាសហគមន៍។

សម្ដេចតេជោគូសបញ្ជាក់ថា ជោគជ័យរបស់យើងរយៈពេលកន្លងទៅ ក្រៅពីការខិតខំរបស់រាជរដ្ឋាភិបាល មានចំណែកដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋ គ្រប់និន្នាការ នយោបាយ គ្រប់ជាតិសាសន៍ គ្រប់សាសនា ដែលបានចូលរួមសហការទទួលយកវិធានការសុខាភិបាល ក៏ដូចជាការទទួលយកនូវវ៉ាក់សាំងដើម្បីការពារ។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ដើម្បីម្ចាស់ការទុកជាមុន ថ្ងៃនេះសម្ដេចបានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំងដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេសរបស់យើងចំនួន ១០៤ ៨៧៣ ១៥៧ ដូស បន្ថែមទៀត សម្រាប់តម្រូវការ ៣ឆ្នាំ គឺឆ្នាំ២០២៤ដល់ឆ្នាំ២០២៦។ តែយើងក៏នៅតែប្រើប្រាស់សម្រាប់ឆ្នាំ២០២២ និង២០២៣ ដោយបន្តប្រើប្រាស់នូវវ៉ាក់សាំងដែលមាន ស្តុក នៅក្នុងឃ្លាំង តាមរយៈនៃការទិញ និងជំនួយ ហើយយើងក៏នៅសល់វ៉ាក់សាំងដែល មិនទាន់ដឹកចូលមកដល់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ មានពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ១៥ លានដូស ពីសហរដ្ឋអាមេរិកចំនួន ៥ ៥១៥ ៨៥០ដូស ពីអូស្ត្រាលីសម្រាប់ចាក់កូនក្មេង ចំនួន ៥០ម៉ឺនដូស។ ដូច្នេះចំនួនជាង២០លានដូស បូក សរុបនៅសល់ប្រមាណជាង៩លានដូសនៅក្នុងឃ្លាំង យើងមានលទ្ធភាពប្រើប្រាស់វ៉ាក់ សាំងនេះ នៅក្នុងឆ្នាំ២០២២ និង២០២៣ ដោយមិនមានការខ្វះខាតវ៉ាក់សាំងនោះឡើយ។ ប៉ុន្តែដោយសារតែជំងឺកូវីដមិនទាន់បានបិទ បញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុង ទុក ជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំងនៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៦ គឺរយៈពេល៣ឆ្នាំ។

 

សម្តេចតេជោបានបន្ថែមថា ដូច្នេះហើយបានជារាជរដ្ឋាភិបាលត្រូវចុះហត្ថលេខាការ បញ្ជាទិញ សម្រាប់រោងចក្រផលិតឱ្យយើង រហូតដល់ជាង១០៤លានដូស ដែលសហ គ្រាសផលិតឱសថកម្ពុជា សហការជាមួយនិងក្រុមហ៊ុនផលិតស៊ីណូវ៉ាក់ របស់សាធារ ណរដ្ឋប្រជាមានិតចិន នឹងត្រូវផ្គត់ផ្គង់ឱ្យរាជ រដ្ឋាភិបាល ជិត៣៥លានដូសក្នុងមួយឆ្នាំ។ នេះជាតម្រូវការចាំបាច់ ដើម្បីឱ្យយើងប្រើប្រាស់រាប់ទាំងកុមារ ដែលកើនអាយុពី១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ និងចំនួនអ្នកដែលត្រូវចាក់បន្ថែមជាដូសជំរុញ។ យើងមិនដឹងថាដូសជំរុញនេះ វាដើរទៅដល់ពេលណានោះទេ។ ព្រោះនៅថ្ងៃទី០៩ខែមិថុនាខាងមុខនេះ គឺគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស នឹងចាក់ដូសទី៥ សម្រាប់មន្ត្រីជួរមុខរបស់យើង។សម្ដេចតេជោសង្ឃឹមថា ការប្រើប្រាស់វ៉ាក់សាំង គឺជាវិធានការតែមួយគត់ ដើម្បីទប់ស្កាត់នឹងការស្លាប់ និងការឆ្លងរាលដាល ប៉ុន្តែវាក៏ត្រូវគួបផ្សំនឹងវិធានការសុខាភិបាលដទៃទៀតដែលត្រូវបានដាក់ចេញ។ ប៉ុន្តែដើម្បីធានាភាពស៊ាំសហគមន៍ ភាពស៊ាំសម្រាប់ផ្ទាល់ខ្លួនម្នាក់ៗ ដើម្បីទប់ស្កាត់ការឆ្លង នឹងនាំទៅដល់ភាពធ្ងន់ធ្ងរនៃជំងឺដែលនាំទៅដល់ការស្លាប់ គី ជម្រើសតែមួយគត់គឺវ៉ាក់សាំង។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់បន្ថែមថា វ៉ាក់សាំងការពារអាយុជីវិតប្រជា ជន ដែលជាសិទ្ធិមូលដ្ឋាន គឺសិទ្ធិរស់រានមានជីវិត ហើយបន្តពីនោះទើបដំណើរការ សិទ្ធិសេរីភាព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលយើងត្រូវអនុវត្តន៍នៅក្នុងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ AKP

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online