សម្ដេចតេជោ អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់ នៅរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ 

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) មានកម្មករនិយោជិត ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA មានកម្មករនិយោជិត ចំនួន ១ ៥០០នាក់។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបជាមួយកូន ក្មួយ កម្មករ កម្មការនី នាព្រឹកនេះ។ សម្តេចតេជោ បានមានប្រសាន៍បញ្ជាក់ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះ គ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខាន ហើយមកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សម្តេចតេជោបានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងមិនអាចផ្លាស់ប្តូរអតីតកាលបានឡើយ តែយើងអាចរំលឹកពីអតីតកាល ដើម្បីជាកត្តាឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការរីកចម្រើននាពេលបច្ចុប្បន្ននៅកម្ពុជា។ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាកត្តាសត្យានុម័តមិនអាចប្រកែកបាន ដើម្បីទាក់ទាញ កៀរគរ វិនិយោគិន មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង៦៤ រោងចក្រប៉ុណ្ណោះ ហើយមានកម្មករ តែ៨ម៉ឺននាក់ ទំហំនៃការនាំចេញមាន ២៧០ លានដុល្លារ។ ហើយពេលនោះកម្មករ ៨ ម៉ឺននាក់នេះ ទទួលបានប្រាក់ខែត្រឹមតែ ៤០ដុល្លារអាមេរិកទេ។

បច្ចុប្បន្នប្រទេសយើងមានរោងចក្រទៅដល់ ១៣២៦ រោងចក្រ ជាមួយនឹងកម្មករជាង ៨៤ ម៉ឺននាក់។ ប៉ុន្ដែសរុបក្នុងឆ្នាំ ២០២៣នេះ រោងចក្រ សហគ្រាសទាំងអស់មានចំនួន ១៧០០០ រោងចក្រ មានកម្មកររហូតដល់ ១ លាន ៥ សែននាក់ ដែលនេះជាចំនួននៃការកើនឡើងនៃវិស័យឧស្សាហកម្មសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានមានប្រសាសន៍ថា ប្រាក់ខែកម្មករ-កម្មការិនីរោងចក្រនាពេលបច្ចុប្បន្ននេះមិនក្រោម២០០ដុល្លារអាមេរិកឡើយ ខណៈដែលចំនួននេះមិនក្រោមកម្រិតប្រាក់ខែកម្មករ-កម្មការិនី នៃប្រទេសក្បែរខាងឡើយ។

សម្តេចតេជោបានសម្តែងក្តីរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះប្រាក់ខែកម្មការីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ ដែលទទួលបានរហូតដល់ជាង៤០០ដុល្លារអាមេរិក បូកជាមួយការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ ២០២៣នេះតទៅ នឹងចាប់ផ្ដើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ សម្រាប់កម្មការិនីនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការបង្កើនទឹកប្រាក់មួយទ្វេជាពីរ ដោយរដ្ឋាភិបាលត្រូវបង្កើនឡើងថវិកាប្រមាណ ១៣ លានដុល្លារបន្ថែមទៀតក្នុង១ឆ្នាំទៅលើថវិកាចាស់ដែលត្រូវចំណាយ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ។ គោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន ក៏បាន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាពទាំងអស់គ្នា។សម្តេចតេជោក៏បានអំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។ខិតខំដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់ទុក ហើយសម្តេចតេជោ ក៏បានអំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៥៩៦នាក់ ក្នុងម្នាក់ៗ២០០ដុល្លារផងដែរ៕