សម្ដេចពិជ័យសេនា អញ្ជើញត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃ​កា​​រ​សាង​សង់​ភូមិ​កីឡា និងហេដ្ឋានរចនាសម្ព័ន្ធ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣ បានអញ្ជើញត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាង​សង់​ភូមិ​កីឡា និងហេដ្ឋានរចនាសម្ព័ន្ធមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បី​ត្រៀម​លក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នា​ខែ​ឧសភា​ខាង​មុខ ។

អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធកីឡាខាងលើ អម​ដំណើរ​ដោយ​អនុប្រធានអចិន្ដ្រៃយ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មការ អនុគណៈ​កម្ម​ការ​ និងតំណាងក្រុមហ៊ុន World Bridge Sport Village ដែល​ជា​ក្រុម​ហ៊ុន​ទទួល​បានសិទ្ធសាងសង់ភូមិកីឡាផងដែរ ។

បន្ទាប់ពីការត្រួតពិនិត្យខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បាន​អញ្ជើញ​ដឹ​ក​នាំ​កិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន និងគណៈកម្មការជំនាញ ដើម្បីជំរុញ និង​ពង្រឹង​ការងារបន្ថែម ដល់ដំណើរការសាងសង់ភូមិកីឡា ដើម្បី​ធានា​បាន​នូវ​ការ​ត្រៀម​លក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់បម្រើដល់ការស្នាក់នៅ និង​ហូប​ចុក​របស់​ប្រតិភូកីឡា ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ចាប់​ពីថ្ងៃទី០៥-១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ​ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ៕