សម្តេចក្រឡាហោម ក្នុងរយៈពេល៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេសប៊ុកផេក និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ សរុប១២៨សំណើ

នៅថ្ងៃទី ១៨ ឧសភា ២០២៣នេះយោងតាមផេកហ្វេសប៊ុកសម្តេចក្រឡាហោមស ខេង បានបង្ហោះ

អំពីលទ្ធផលនៃការអនុវត្តផែនការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

ក្នុងរយៈពេល៣ខែនេះ មានអ្នកដាក់សំណើ និងសំណូមពរ មកហ្វេសប៊ុកផេកខ្ញុំ និងប្រភពផ្សេងៗចំណុះក្រសួងមហាផ្ទៃ សរុបចំនួន១៣១សំណើ ត្រូវជាមនុស្សចំនួន១៩៥នាក់ (ស្រី៣១នាក់) ក្នុងនោះមានស្ទួនចំនួន៣សំណើ។ ដូច្នេះសរុបសំណើរជាក់ស្ដែងមានចំនួន១២៨សំណើ។

របាយការណ៍ពីគណៈបញ្ជាការដឹកនាំប្រតិបត្តិការនៃក្រុមការងារអនុវត្តច្បាប់ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងទៀតថា ក្នុងចំណោម១២៨សំណើនោះ មានជនបរទេស៣៧៥នាក់ (ស្រី៣១នាក់) ស្មើ១០សញ្ជាតិ ក្នុងនោះសញ្ជាតិបរទេសរួមមាន ចិន ថៃ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។

ជាលទ្ធផល ក្នុងចំណម១២៨សំណើនោះ សមត្ថកិច្ចយើងបានស្រាវជ្រាវរកឃើញចំនួន៧៥សំណើ ស្មើនឹងមនុស្សចំនួន១៨៤នាក់ (ស្រី២០នាក់) ៧សញ្ជាតិ ដោយសមត្ថកិច្ចសង្គ្រោះបានជនរងគ្រោះចំនួន១០នាក់ ឃាត់ខ្លួន១៣នាក់។ ក្រៅពីនេះ មានសំណើចំនួន៦៧ទៀត ត្រូវបានរកឃើញថាគ្រាន់តែជាការស្នើសុំកិច្ចអន្តរាគមន៍ដើម្បីបានលាឈប់ពីការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ។ ចំពោះសំណើចំនួន៣៣ ស្មើនឹងមនុស្សចំនួន៦៥នាក់ សមត្ថកិច្ចពុំរកឃើញក្នុងទីតាំងតាមសំណើសាមីជនទេ ខណៈសំណើដែលនៅសេសសល់ចំនួន២១ទៀត ស្មើនឹងមនុស្សចំនួន១២៦នាក់ (ស្រី២នាក់) សមត្ថកិច្ចយើងកំពុងស្រាវជ្រាវ។

សូមជម្រាបជូនជនរួមជាតិដែរថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នាធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទដែលបានធ្វើឱ្យសភាពការណ៍មានការថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង បើធៀបនឹងរយៈពេលដូចគ្នាចាប់ពីពេលចាប់ផ្ដើមទទួលសំណើ យើងពិនិត្យឃើញថា សំណើសុំកិច្ចអន្តរាគមន៍ បានថយចុះ ៧៨ភាគរយ ពោលគឺពី៦០៥ មកនៅត្រឹម១២៨សំណើ។ យ៉ាងណាក៏ដោយ ៣ខែនេះ ក៏សង្កេតឃើញថាខេត្តឧត្តរមានជ័យ ខេត្តកោះកុង កណ្ដាល និងព្រះសីហនុ មានសំណើច្រើនករណី៕