សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទណ្ឌកម្ម ចំនួន៤រូប

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ចំនួន៤រូប។

សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលត្រូវប្រកាសឱ្យចូលកាន់តំណែងនាពេលនេះ រួមមានទី១៖ លោក កែវ តារាពង្ស ជាអនុប្រធាន, ទី២៖ លោក ហ៊ី ព្រូ ជាសមាជិក, ទី៣៖ លោក ជា ជយោ ជាសមាជិក និងទី៤៖ លោក រ៉ូ ប៊ីនណៃ ជាសមាជិក។

ពិធីនេះ ក៏មានការបំពាក់ឋានន្តរស័ក្តិ និងបំពាក់គ្រឿងឥស្សរិយស ជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងជាច្រើនផងដែរ។