សម្តេចតេជោ៖ រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍នោះទេ តែមិនឱ្យរៀបចំកម្មវិធីជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឱ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវពិធីរៀបអាពាហ៍ពិពាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុ ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាស បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ ចាប់ពីអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “កូនក្មួយរៀបការធម្មតាចុះ មិនបានហាមឃាត់ទេ គ្រាន់តែពីមុនធ្វើពិធីមានមនុស្សរាប់រយពាន់នាក់ ឬរាប់រយតុ តែមករៀបចំត្រឹមមនុស្សក្រោម ៥០ នាក់ និងមានការរក្សានូវគម្លាតសុវត្ថិភាពនិងវិធានការសុខាភិបាល។ នរណាក៏ចង់បានពិធីធំដែរ តែមនុស្សត្រូវរស់នៅតាមបែបគន្លងថ្មី ហើយពិធីមង្គលការតូច ឬធំ មិនសំខាន់ទេ សំខាន់គឺការចេះរស់នៅជាមួយគ្នា”។

សម្ដេចតេជោបានលើកឡើងថា ការរៀបចំពិធីនេះគឺធ្វើយ៉ាងណារៀបចំអាពាហ៍ពិពាហ៍ហើយ កុំឱ្យមានអ្នកស្លាប់ ឬអ្នកឆ្លងជំងឺកូវីដ-១៩។

សម្ដេចតេជោបានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលចង់បានកូន សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ សិន ចាំយកកូនតាមក្រោយ ព្រោះថា មានអង់ទីគ័រការពារទាំងខ្លួន និងការពារកូន។ សម្ដេចតេជោបានបន្ថែមថា “មុនការ បានចាក់វ៉ាក់សាំងទៀត អាហ្នឹងគឺល្អ យើងគ្រាន់តែហាមឃាត់កុំឱ្យជួបជុំកុះករតែប៉ុណ្ណឹងទេ តែយើងមិនបានហាមឃាត់មិនឱ្យរៀបការឯណា។ ព្រោះថា អ្នកខ្លះភ័នច្រលំថា យើងមិនឱ្យការ តែយើងឱ្យរៀបការ តែពិធីនេះ សូមកុំឱ្យមានមនុស្សកុះករដោយមនុស្សតែប៉ុណ្ណឹងតើស”។

ជាមួយគ្នានេះ សម្តេចតេជោក៏បានកត់សម្គាល់ឃើញថា មានប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្ត ពិសេសនៅម្តុំវិមានឯករាជ្យជាដើម គឺមានខ្លះពាក់ម៉ាស ខ្លះអត់ម៉ាស ដូច្នេះ សម្តេចតេជោស្នើដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្តត្រូវចេះការពារខ្លួន។

សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យពលរដ្ឋដើរកម្សាន្ត ឱ្យបានច្រើនជាមួយវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online