សម្តេចតេជោ ជំរុញការចូលរួមថែរក្សាអនាម័យបរិស្ថាននិងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក នារាជធានីភ្នំពេញ បានជំរុញឲ្យមានការចូលរួមអនាម័យបរិស្ថាន និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា បញ្ហាកង្វល់របស់យើងនៅពេលនេះ គឺប្រជាពលរដ្ឋមិនព្រមរក្សាអនាម័យទុកដាក់សំរាមទេ ដែលនេះគឺជាបញ្ហាឈឺក្បាលសម្រាប់យើងទាំងអស់គ្នា។

ក្នុងឱកាសនោះ ក៏បានរំលឹកផងដែរថា ទីក្រុងភ្នំពេញយើងកាលពីទសវត្សឆ្នាំ១៩៨០ ដែលកាលនោះពុំមានបញ្ហាសំរាមឬទឹកកខ្វក់នៅឡើយទេ ដោយសារស្ថានភាពយើងនៅពេលនោះ ជីវភាពរបស់ប្រជាពលរដ្ឋនៅមានកម្រិត ពុំសម្បូរម្ហូបអាហារបរិភោគច្រើនបែបយ៉ាងដូចសព្វថ្ងៃនេះឡើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែនបាន អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងអ្នកមកលេងក្រុងភ្នំពេញ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងត្រូវខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរក្សាអនាម័យបរិស្ថានដើម្បីទីក្រុងស្អាត មិនត្រូវបោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាលឡើយដូចជាមិនត្រូវយកសំរាមទៅបោះចូលនៅក្នុងលូជាដើម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបោះចោលសំរាមពាសវាលពាសកាល គួរខ្មាសក្មេងៗដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឥឡូវនេះ មានការរៀបចំឲ្យមានការញែករវាង សំណល់រឹង ជាមួយនឹងសំរាម ធម្មតា ក៏ប៉ុន្ដែមិនព្រមធ្វើបែបនេះទេ ដែលបង្កើតឲ្យមានបញ្ហា ទៅជាទីធ្លាចាក់សំរាម ដែលឥឡូវត្រៀមដោះដូរ ពីស្ទឹងមានជ័យ ទៅកាន់កន្លែងផ្សេង។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានជុំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញសិក្សារៀបចំ និងសាងសង់ទីលានចាក់សំរាមថ្មីឲ្យបានឆាប់ ដែលតាមគម្រោងរដ្ឋបាលរាជធានីត្រូវការរយៈពេល២ឆ្នាំទើបរៀបចំទីលានចាក់សំរាមថ្មី ដើម្បីផ្ទេរការទុកដាក់សំរាមពីទីលានចាស់នៅខណ្ឌដង្កោរ។

លើសពីនេះ រាជរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនិងការអភិវឌ្ឍទីប្រជុំជន ប្រកបដោយសោភ័ណភាព ចីរភាព និងសុខុមាលភាព។ ក្នុងនោះរាជរដ្ឋាភិបាលបានជំរុញឲ្យរដ្ឋបាល ក្រុង-ស្រុករៀបចំទីលានផ្ទាល់ ឬទីលានតំបន់ដែលអាចគ្រប់គ្រងសំរាមមានប្រសិទ្ធភាព និងអាចទាញធនធាន ដើម្បីចូលរួមក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង ស.ទ.ស. លេខ ១៨៩ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានបេសកកម្មគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង នៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ សំរាមក្នុងរាជធានីភ្នំពេញមួយថ្ងៃ ត្រូវបានបញ្ចេញចោលចំនួនប្រមាណ៣ពាន់តោន ហើយបើសរុបទូទាំងប្រទេសសំរាមប្រមាណជាង៣លានតោន ត្រូវបានដឹកជញ្ជូនចាក់តាមទីលានក្នុង១ឆ្នាំ។ សំរាមនេះគឺជាបញ្ហារួម ដែលត្រូវដោះស្រាយនិងចូលរួមទាំងអស់គ្នាជាពិសេសប្រជាពលរដ្ឋផងដែរ។ ដូច្នេះចូលរួមលើការទុកដាក់សំរាមឲ្យត្រឹមត្រូវតាមប្រភេទ មានរបៀបរៀបរយ និងការទាញយកធនធានតាមរយៈការកែច្នៃ គឺជារឿងចាំបាច់បំផុត ដែលត្រូវផ្តើមដំបូងចេញពីប្រជាពលរដ្ឋតែម្ដង៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online