សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការពារជំងឺកូវីដ១៩ ពេលទៅបោះឆ្នោតនោថ្ងៃទី០៥ ខែមិថុនា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួមគ្នាអនុវត្តន៍វិធានសុខាភិបាលការពារជំងឺកូវីដ១៩ នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

តាមរយៈសំឡេងផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា បើទោះបីមិនមានការឆ្លងជំងឺកូវីដ១៩ រយៈពេលជាមួយខែទៅហើយក្តី តែក៏មិនអាចបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ១៩ នៅពេលមានការប្រមូលផ្តុំនោះឡើយ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ ដូចជាកាន់ជាប់ជាមួយអាល់កុល រក្សាគម្លាត និងពាក់ម៉ាសជាដើម។

ក្រៅតែពីការក្រើនរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ ពេលទៅបោះឆ្នោតហើយនោះ ក្នុងសារសំឡេងដែលបង្ហាញពីក្តីបារម្ភចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារប្រជាពលរដ្ឋពីជំងឺកូវីដ១៩។

សម្តេចតេជោ បានគូសរំលេចថា ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលប្រជាពលរដ្ឋបោះឆ្នោតជូនក្នុងអាណត្តិទី៤ ធ្វើការបានល្អណាស់ក្នុងការការពារប្រជាពលរដ្ឋដោយជួយរៀបចំពលរដ្ឋឱ្យបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា។ សម្តេចតេជោ ក៏បានគូសរំលេចពីការប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងពេលកម្ពុជាជួបគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០២០។

សម្តេចតេជោ បានលើកឡើងថា រយៈពេល៥ឆ្នាំកន្លងទៅនេះ សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ពិតជាបានធ្វើការយ៉ាងនឿយហត់ ដើម្បីប្រជាពលរដ្ឋ។ សម្តេចតេជោ បានទទួលស្គាល់ថា ពិតជាមានការខ្វះខាតមួយចំនួនកើតចេញពីក្រុមប្រឹក្សាឃុំ/សង្កាត់ តែបើធៀបនឹងគុណសម្បត្តិដែលក្រុមប្រឹក្សាឃុំ/សង្កាត់ បានធ្វើ គឺមានវិសាលភាពធំធេងណាស់។

«ខ្ញុំព្រះករុណាខ្ញុំសូមអរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ»។ សម្តេចតេជោ បានគូសបញ្ជាក់។

សម្តេចតេជោបន្តថា «ខ្ញុំសូមអរគុណចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបានធ្វើការលះបង់យ៉ាងច្រើន ដើម្បីអាយុជីវិតប្រជាជនយើង ដោយគ្មានការរើសអើងបក្សនយោបាយ។ ជាពិសេសក្នុងដំណាក់កាលគ្រប់គ្រងលើជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតប្រជាជន។ ដោយសារមានការទទួលខុសត្រូវរបស់សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ/សង្កាត់ នេះហើយ ទើបធ្វើឱ្យប្រជាពលរដ្ឋរបស់យើងកាត់បន្ថយចំនួនស្លាប់ ចំនួនឆ្លង រហូតដល់គ្មានកូវីដ១៩ ជិត១ខែកន្លងទៅ»៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online