សហព័ន្ធបាល់ទាត់ឥណ្ឌា បានសុំអភ័យទោសកម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងការរៀបចំការស្នាក់នៅសម្រាប់កីឡាករកម្ពុជាមិនបានល្អ
សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF/AFC) បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022 នាពេលនេះ។
ក្នុងលិខិតរបស់ សហព័ន្ធបាល់ទាត់ឥណ្ឌា បានលើកឡើងថា៖
ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។
ទី២ យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ នៅក្នុងទីក្រុង Kolkata និងសូមធានាថា យើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីបំពេញតាមតម្រូវការរបស់សហព័ន្ធ និងជម្រើសជាតិកម្ពុជា ហើយមិនឱ្យករណីបែបនេះកើតឡើងជាថ្មីឡើយ។
ន្ថែមពីលើនេះ ខ្ញុំសូមអភ័យទោសដល់សហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជាទាំងមូល ចំពោះបញ្ហាពាក់ព័ន្ធនឹងសណ្ឋាគារ រួមទាំងបញ្ហាដែលបាន កើតឡើងកំលុងពេលចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។
បញ្ហាពាក់ព័ន្ធនឹងការចាក់បទភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានលើកយកមកពិភាក្សាជាមួយក្រុមបច្ចេកទេស ហើយបញ្ហាគឺបង្កឡើងដោយកំហុសបច្ចេកទេសនៅលើស្រ្គីន។
ក្រុមការងារយើងទាំងមូលនឹងប្រឹងប្រែងធានាមិនឱ្យបញ្ហាបែបនេះកើតឡើងជាថ្មីទៀតទេ កំលុងការប្រកួតដែលនៅសេសសល់ និងនៅសណ្ឋាគារ។
លិខិតសុំទោសខាងលើធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ សៅ សុខា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត សុំទោសកម្ពុជា បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួត។
ប្រតិកម្មខាងលើធ្វើឡើងភ្លាមៗ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ពុំមានភ្លេងជាតិកម្ពុជា ដើម្បីចាក់នៅម៉ោង១០យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាពេលដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ និងមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែ ៕