សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចាប់ផ្តើមរៀបចំឱ្យដំណើរការកម្មវិធីជិះទូកកម្សាន្តនៅដងស្ទឹងសៀមរាបហើយ

កម្មវិធីជិះទូកកម្សាន្តនៅដងស្ទឹងសៀមរាប ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើននៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ហើយកម្មវិធីនេះយើងសង្គេតឃើញថា មានការនិយមចូលចិត្តពីសំណាក់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបផ្ទាល់។

ឥឡូវនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចាប់ផ្តើមឱ្យដំណើរការកម្មវិធីជិះទូកកម្សាន្តនៅដងស្ទឹងសៀមរាបហើយ ដោយមានភ្ញៀវទេសចរជាតិ និងបរទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បាននាំគ្នាមកជិះកម្សាន្តសប្បាយ ដោយមានអ្នកខ្លះមកជាលក្ខណៈគ្រួសារ អ្នកខ្លះស្លៀកពាក់បែបបុរាណ ជិះទូកថតរូប យ៉ាងសប្បាយរីករាយ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប ដែលបានទៅជិះទូកកម្សាន្តនេះ បានលើកឡើងស្រដៀងៗគ្នាថា ពេលនេះ ភ្ញៀវទេសចរមិនទាន់មកច្រើន ដូចនេះពួកគាត់នាំគ្រួសារមកជិះទូកកម្សាន្ត និងដើរកម្សាន្តមុន ហើយដល់ចូលឆ្នាំភ្ញៀវទេសចរមកច្រើនពួកគាត់នៅលក់ដូររកប្រាក់ចំណូលវិញ។

លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា កម្មវិធីជិះទូកកម្សាន្តនៅតាមដងស្ទឹងសៀមរាបនេះ មានទូកជាង១០០ របស់សហគមន៍ចុងឃ្នៀស ហើយរាល់ប្រាក់ចំណូលដែលបានពីសេវាកម្មជិះទូកនេះ គឺប្រគល់ទៅអោយម្ចាស់ទូកទាំងអស់ ដោយខាងយុវជនពុំបានយកទេ។ លោកបង្ហាញថា នេះជាប្រាក់ចំណូលមួយផ្នែកដែលបានមកពីព្រឹត្តិការណ៍សៀមសង្ក្រាន្តទៅដល់ដៃប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សៀមរាបសង្កា្រន្ត នឹងត្រូវរៀបចំទៅលើពីរទីតាំង ទី១- នៅក្នុងក្រុងសៀមរាប និងទី២- នៅប្រាសាទចៅសាយទេវតា ដែលមានកម្មវិធីកម្សាន្ត និងកម្មវិធីសាសនាជាច្រើន៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online