សាកទូរស័ព្ទបណ្ដើរចុចលេងបណ្ដើរ ខ្សែភ្លើងដាច់ឆ្លងឆក់ស្លាប់យាយម្នាក់ និងរបួស៣នាក់ នៅស្វាយរៀង
ខេត្តស្វាយរៀង ៖ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ បន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃ លេងទូរស័ព្ទបណ្ដើរ សាកថ្មបណ្ដើរ បណ្ដាលអោយឆ្លងភ្លើងឆក់ យាយចូលជួយឆក់បន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថាស្ត្រី ដែលស្លាប់មានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិសង្កាត់ខាងលើ។ ស្ត្រីចំណាស់ ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ សេរី អាយុ៦៦ ឆ្នាំមុខរបរកសិករ ចំណែកក្មេងស្រីដែលរងរបួសមាន ឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ឆ្នាំ មុខរបរជាសិស្ស និងឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងភូមិសង្កាត់ខាងលើ។
បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរសព្ទ័ ហើយក៏បានអូសយករូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសសៃរ ហើយមិនបានចាប់អារម្មណ៏យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យឆក់ឃើញបែបនោះ យាយក៏រត់ចូលជួយ បណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យ ប៉ុន្តែអកុសលដោយស្ត្រីឈ្មោះ យស់ ទូចមានសភាពធ្ងន់ ក៏បានស្លាប់ និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេក បានមកដល់ និងពិនិត្យកន្លែងកើតហេតុឃើញថា សពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕




