សាច់ប្រហិតចម្រុះខូចគុណភាពចំនួន២,៤៥០​គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង: នៅព្រឹកថ្ងៃ ចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោ​ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ២​០ ២០ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការ​ដ្ឋាននគរបាលខេត្តបាត់ដំបង និងស្ថិតក្រោមការ​ដឹកនាំរបស់លោក គឺ បុណ្ណរ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេ​នីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងជំនាញដែលមានលោកវរ​សេ​នីយ៍​ទោ យី យក់សាន នាយការិយាល័យ​នគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមសហការ​ណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូល​ដ្ឋាន អង្គភាពជំនាញសាខាកាំកុងត្រូល និងផ្នែកពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាម ដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបានទាន់​ពេលវេលា ។

នៅចំពោះទិដ្ឋភាពបែបនេះ ឯកឧត្តម ឧត្តមសេ​នីយ៍​ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្ត បាត់ដំបង សូមធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើ ត្រូវបញ្ឈប់ជាប​ន្ទាន់​ចំពោះការលួចនាំចូល នូវប្រភេទ(ប្រហិតឬ​សាច់មាន ឬជង្គង់មាន់)ខូចគុណភាព យកមក​លក់​ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់​ដំ​បង ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ ម៉្យាងវិញទៀតក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញ ឬការបរិភោគផលិតផលទាំងនេះព្រោះវា​ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់ ៕