សាលីអ៊ូមើត ដណ្ដើមបានលេខ១ ក្នុងការប្រកួត Jet Ski Pro Tour 2021 ជុំទី១ នៅថៃ

CAMSOC-ភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី១ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែតុលានេះ នៅប្រទេសថៃ។

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើបានឲ្យដឹងថាការប្រកួតម៉ូតូទឹកអន្ដរជាតិនេះមាន ៥ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុងនោះ មាន កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ផ្ទាល់។ សាលី អ៊ូមើត បន្ដថាខ្លួននិង ម៉ីន មូស្ដាន បានប្រកួតវិញ្ញាសា Pro Am Ski Modified ខណៈលទ្ធផល អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៨នាក់ គ្រាដែលប្អូនជីដូនមួយរបស់ខ្លួន មូស្ដាន ទទួលបានលេខ៦ បន្ទាប់ពីរូបគេជួបបញ្ហាប៉ះទង្គិចជាមួយគូប្រជែង ក្នុងការប្រកួតជុំទី៣។ រីឯកីឡាករវ័យក្មេង ៣រូបផ្សេងទៀតទទួលបានត្រឹមចំណាត់ថ្នាក់លេខ៦ និងលេខ៧ ប៉ុណ្ណោះ។

តាមការបញ្ជាក់របស់កីឡាករម៉ូតូទឹកឆ្នើមកម្ពុជាដដែល ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែងចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយជុំទី១ ទើបបញ្ចប់ការប្រកួត កាលពីល្ងាចមិញ ខណៈជុំទី២ គ្រោងប្រកួតនាថ្ងៃទី២០-២១ ខែវិច្ឆិកា ខាងមុខនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ គ្រាដែល ជុំទី៣ និងជុំទី៤ គណៈកម្មការរៀបចំការប្រកួតនៅមិនទាន់កំណត់ កាលបរិច្ឆេទប្រកួតនោះទេ ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online