សិក្ខាកាមចំនួន ១០៦រូប ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ស្តីពី ”ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ”

នៅព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. ចំនួន ១០៦រូប ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃពុធ ទី០៣ ដល់ថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងផ្តល់ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយនូវ៖ ការពង្រឹង និងពង្រីកចំណេះដឹងផ្នែកច្បាប់,ការធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវប្រសិទ្ធភាពនៃការស៊ើបអង្កេតបទល្មើស,ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងសម្អាតប្រាក់,មូលដ្ឋាននៃកិច្ចសហការក្នុងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ,ការពង្រឹងបន្ថែមទៀតនូវសមត្ថភាពក្នុងការស្រាវជ្រាវបទល្មើសពុករលួយ ប្រមូលភស្តុតាង និងនីតិវិធីក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបំពេញកិច្ចនីតិវិធីជួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. ដើម្បីក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលខាងមុខ។

វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការធ្វើបទឧទ្ទេសនាមដោយ៖
– ឯកឧត្តម ឃាង សេង អនុប្រធាន អ.ប.ព.
– ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
– ឯកឧត្តម យន់ ណារ៉ុង អនុប្រធានសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
– ឯកឧត្តម អ៊ឹម ឧត្តម ឧបការី នៃ អ.ប.ព.
– ឯកឧត្តម ស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព.
– ឯកឧត្តម នួន សុធិមន្ត ឧបការី នៃ អ.ប.ព.
– ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌
– លោក ងួន រតនា ចៅក្រមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ
– លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
– លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ និងកិច្ចការអនុវត្តទោស នៃក្រសួងយុត្តិធម៌
– លោក លាត ឡាយ មន្ត្រីនៃនាយកដ្ឋានជំនួយទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងបត្យាប័ន នៃក្រសួងយុត្តិធម៌

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online