សុទ្ធតែកំពូលកីឡាករ Tennis ប្រកួតគ្នាយកលុយជួយក្រុមសង្គ្រោះភ្លើងឆេះព្រៃនៅអូស្ត្រាលី
កំពូលៗកីឡាករវាយកូនបាល់ (Tennis) ដ៏ល្បីលើពិភពលោកជាច្រើន បានណាត់គ្នាធ្វើការប្រកួតនៅក្នុងកម្មវិធីសប្បុរសធម៌មួយ កាលពីម្សិលមិញ ដើម្បីយកប្រាក់ទាំងអស់ ដែលបានរៃអង្គាសពីកម្មវីធីនេះ ជួយដល់ការជួយសង្គ្រោះភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី បានប្រមាណជាង ៤លានដុល្លារអូស្ត្រាលី នេះបើតាមប្រភពពី BBC។

ក្នុងកម្មវីធីនោះគេឃើញមានវត្តមានកីឡាករ Roger Federer, Rafael Nadal , Serena Williams, Novak Djokovic, Nick Kyrgios, Naomi Osaka, Alexander Zverev, Dominic Thiem, Caroline Wozniacki, Petra Kvitova, Coco Gauff និង Stefanos Tsitsipas ។ ក្នុងការប្រកួតនេះ គេក៏ឃើញមានការចូលរួមពីសំណាក់ក្រុមអ្នកពន្លត់អគ្គីភ័យផងដែរ ដោយបានអង្គុយទស្សនារួមជាមួយទស្សនិកជនជាច្រើនផងដែរ។
សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះ 2020 Australian Open ក៏ត្រូវបានរងផលប៉ះពាល់ផងដែរ ដោយសារតែផ្សែងអាប់អួរនៅក្នុងទីក្រុង Melbourne ខណៈដែលព្រឹត្តិការណ៍ធំនេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នាពេលខាងមុខនេះ។
ប្រភព៖ https://kohsantepheapdaily.com.kh/