សូមមានការប្រុងប្រយ័ត្នជាមួយនឹងលេខទូរសព្ទធនាគារដែលលោកអ្នកទទួលបានពីការស្វែងរកអនឡាញ

កាលពីពេលថ្មីៗនេះសារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយជាមួយនឹងកម្មវិធីស្វែងរក Google។ ជាមួយនឹងការបោកបញ្ឆោតនេះ ជនខិលខូចបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបន្លំធ្វើជាធនាគារជាមួយនឹងកម្មវិធីស្វែងរក Google ដើម្បីឱ្យតំណភ្ជាប់និងលេខទូរសព្ទរបស់ពួកគេត្រូវបានបង្ហាញមុនគេ នៅពេលដែលជនរងគ្រោះធ្វើការស្វែងរកព័ត៌មានបន្ថែមរបស់ធនាគារ។

ជាឧទាហរណ៍ កាលពីខែធ្នូកន្លងទៅ ជនរងគ្រោះម្នាក់បានធ្វើការទំនាក់ទំនងទៅធនាគារតាមរយៈទូរសព្ទដែលគាត់ទទួលបានពីការស្វែងរកនៅក្នុងកម្មវិធី Google ដោយសារតែគាត់មានបញ្ហាមួយចំនួនជាមួយនឹងគណនី។ ជនខិលខូចបានបន្លំខ្លួនធ្វើជាបុគ្គលិករបស់ធនាគា ហើយបានប្រើវិធីសាស្ត្រផ្សេងៗឱ្យជនរងគ្រោះមានការជឿទុកចិត្ត និងយល់ព្រម បង្កើតគណនីថ្មីមួយទៀតដើម្បីផ្ទេរលុយចូលទៅក្នុងគណនីនោះ ប៉ុន្តែតាមការពិតលុយទាំងនោះត្រូវបានផ្ទេរចូលទៅក្នុងគណនីរបស់ពួកគេទៅវិញ។

គួរបញ្ជាក់ផងដែរថា ការបោកបញ្ឆោតតាមរយៈការផ្ញើសារក៏មានការរីករាលដាលខ្លាំងដែរនៅក្នុងប្រទេសសិង្ហបុរី ដែលធ្វើឱ្យអាជ្ញាធរសិង្ហបុរីគំរាមចាត់វិធានការលើធនាគារ ណាដែលមិនបានចាត់វិធានការឱ្យបានទាន់ពេលវេលាទាក់ទងនឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។

ដើម្បីចៀសវាងការខាតបង់លុយកាក់លោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលធ្វើការទំនាក់ទំនងទៅធនាគារ។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬអាសយដ្ឋានរបស់គេហទំព័រដែលមាននៅខាងក្រោយកាតរបស់ធនាគារ ឬឯកសារផ្សេងៗទៀតដែលទទួលបានផ្ទាល់ពីធនាគារ។ ម្យ៉ាងវិញទៀតលោកអ្នកត្រូវតែមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាក់ទងទៅនឹងបញ្ហាជាមួយគណនីធនាគារ ឬសារដែលទាមទារឱ្យលោកអ្នកផ្ដល់នូវលេខកូដសម្ងាត់ OTP។ ប្រសិនបើលោកអ្នកទទួលបានសារទាំងនោះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទរបស់ធនាគារផ្ទាល់ ជាងនេះទៅទៀតសូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារ ឬអុីមែល៕

ប្រភពព័ត៌មាន