សូម្បីផ្ទះអ្នកក្រក៏លោកចោរមិនលើកលែងដែរ គាស់ទ្វារចូលរើកកាយខ្ទេចខ្ទី
ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លំនៅឋានរបស់ពលរដ្ឋនៅចុងភូមិមួយកន្លែង ត្រូវជនមិនស្គាល់មុខគាស់ផ្ដាច់ទ្វារចូលរើកកាយខ្ទេចខ្ទីគ្មានសល់នៅក្នុងផ្ទះ ដែលស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌ ខណៈម្ចាស់ផ្ទះនេះរវល់ទៅផ្សារ តែគាត់បានដឹងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី០២ មិនា ពេលត្រឡប់មកពីផ្សារវិញ។

សមត្ថកិច្ចម្នាក់បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ សំ សង់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុ ខាងលើ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា ផ្ទះកើតហេតុខាងលើនៅចុងភូមិឆ្ងាយដាច់ស្រយ៉ាលពីគេឯង ហើយត្រូវចោរចូលទៅគាស់ផ្ដាច់ទ្វារចូលទៅរើកកាយ នៅពេលម្ចាស់រវល់ទៅ «ផ្សារដំណាក់ស្ដៅ» តែម្ចាស់ផ្ទះមិនដឹងថា កើតឡើងនៅវេលាម៉ោងប៉ុន្មានទេ លុះនៅម៉ោងប្រហែល១០ព្រឹក ពេលត្រឡប់មកពីផ្សារវិញ ទើបដឹង ហើយក៏រាយការណ៏ប្រាប់សមត្ថកិច្ចឲ្យបានឱ្យដឹងតែម្តង ។

បើតាមស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើបានប្រាប់សមត្ថកិច្ចថា មានជនមិនស្គាល់បានគាស់ទ្វារចូលទៅខាងក្នុងផ្ទះ រើកកាយខ្ទេចខ្ទីគ្មានសល់កន្លែងណាទេ រួមទាំងកន្លែងចង្ក្រានបាយ កន្លែងគ្រែដេក និងក្រោមពួក តែមិនមានបាត់បង់អ្វីទេ ព្រោះគាត់គ្មានទ្រព្យសម្បត្តិមានតំលៃដែលត្រូវលួច។

តាមប្រភពដដែលបានថា គាត់មានការតក់ស្លុតយ៉ាងខ្លាំង នៅពេលមកដល់ផ្ទះឃើញស្នាមកាត់ផ្ដាច់សោទ្វារផ្ទះ ហើយរបស់របរធ្លាក់រប៉ាត់រប៉ាយពេញក្នុងផ្ទះ បន្ទាប់មកគាត់ក៏បានរាយការណ៏ប្ដឹងទៅសមត្ថកិច្ចភ្លាមៗដែរ។

សូមបញ្ជាក់ថា អំពើចោរកម្ម ដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ហាក់កំពុងអង្រូនយ៉ាងកក្រើក នៅក្នុងស្រុករតនមណ្ឌល។ ជាពិសេសនៅតាមផ្ទះអាជីវករលក់ដូរនានា នៅជុំវិញ«ផ្សារដំណាក់ស្ដៅ» ក្នុងស្រុកនេះតែម្ដង។ នៅក្នុងអំឡុងខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមចោរបានធ្វើសកម្មភាពគាស់ទំលុះទម្លាយ និងឡើងផ្ទះលួចទ្រព្យសម្បត្តិតាមផ្ទះជនរងគ្រោះខាងលើនេះ បានសម្រេចជាបន្តបន្ទាប់ ដែលគេអះអាងថា យ៉ាងតិចចំនួន៧លើក តែត្រូវបានសមត្ថកិច្ចបិទព័ត៌មាននេះស្ងាត់ឈឹង មិនរាយការណ៍ជូនការិយាល័យជំនាញ ឬ រាយការណ៏ជួនថ្នាក់លើឲ្យបានដឹងឡើយ។
សកម្មភាពជនបិទមុខនោះ បានធ្វើឡើងភាគច្រើននៅពាក់កណ្ដាលយប់ ឬនៅវេលាទៀបភ្លឺ ហើយសកម្មភាពចោរ ថែមទាំងមានជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពម្ចាស់ផ្ទះទៀតផង តែសមត្ថកិច្ចនៅតែគ្មានសមត្ថកភាពតាមកំណត់មុខសញ្ញាជនប្រព្រឹត្តនោះបានឡើយ សូម្បីតម្រុយប៉ុនក្រចកក៏គ្មានដែរ រហូតបទល្មើសដដែលនេះកើតឡើងជាថ្មីទៀតទាំងព្រឹកនៅផ្ទះអ្នកក្រីក្រខាងលើ។
ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ថា ករណីគាស់ទម្លុះទម្លាយលំនៅឋានពលរដ្ឋទាំងព្រឹកខាងលើនេះ ត្រូវបានលោករស់ លឹមសឺន អធិការរងស្រុករតនមណ្ឌល រាយការណ៏តាមលំដាប់លំដោយ ជួនលោកស្នងការរងទទូលបន្ទុក និង លោកស្នងការខេត្ត បានជ្រាបជាដំណឹងហើយ ដែលផ្ទុយពីខែមុនៗ ដែលលោកអធិការរង និងលោកអធិការ ព្យាយាមបិទបាំងបទល្មើសជាច្រើនករណី។
មន្ត្រីដដែលបានបង្ហើបឲ្យដឹងថា ការរាយការណ៏បទល្មើសលើកចុងក្រោយ ដូចទើបភ្ញាក់ពីដំណេកនេះ ត្រូវគេមើលឃើញថា គឺធ្វើឡើងបន្ទាប់ពីកោះសន្តិភាពហែកកកាយបទល្មើសជាច្រើនករណី ដែលកើតឡើងនៅក្នុងស្រុកនេះ ហើយត្រូវលោកអធិការស្រុក ព្យាយាមបិទបាំងបទល្មើសកកកុញទាំងនោះ មិនរាយការណ៍ជូនថ្នាក់ដឹកនាំ។ ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីមូលដ្ឋានមិនគួរបិទបាំងបទល្មើសដែលបានកើតឡើងនោះទេ ព្រោះការបិទបាំងបែបនេះ មិនអាចធ្វើជនល្មើសឈប់ប្រព្រឹត្តបទល្មើសបានទេ។
ផ្ទុយទៅវិញ បើមន្ត្រីថ្នាក់ក្រោមរាយការណ៍ជូនការិយាល័យជំនាញ ឬរាយការណ៍ជូនថ្នាក់លើ ប្រហែលអាចមន្ត្រីជំនាញជួយរកវិធានការទប់ស្កាត់ ឬអាចឈានដល់ការបង្ក្រាបជនសង្ស័យបានទៀតផង ដូច្នេះលោកអធិការតាមបណ្ដាស្រុកនានា មិនគួរបិទបាំងបទល្មើសដែលបានកើតឡើងនៅក្នុងទឹកដីរបស់ខ្លួននោះទេ៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/