សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសេចក្តីថ្លែងការណ៍ស្តីពីការបាញ់សាកល្បងមីស៊ីលថ្មីៗ នៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២នេះ ដោយលើកយកចំណុចមួយចំនួនរួមមាន៖

១)អាស៊ានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនាពេលថ្មីៗ នូវការសាកល្បងមីស៊ីលអន្តរទ្វីប និងការបាញ់មីស៊ីលរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ការវិវឌ្ឍដ៏គួរឱ្យព្រួយបារម្ភនេះបង្ហាញពីកំណើនភាពតានតឹងលើឧបទ្វីបកូរ៉េនិងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្នុងពិភពលោក។

២)ដោយទទួលស្គាល់ថាអស្ថិរភាពនៅឧបទ្វីបកូរ៉េប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ អាស៊ានជំរុញឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្តការអត់ធ្មត់ ដើម្បីកាត់បន្ថយភាពតានតឹង និងជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

៣)អាស៊ានសូមរំលឹកឡើងវិញពីការអំពាវនាវឲ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ អនុវត្ត បានពេញលេញនូវសេចក្តីសម្រេចចិត្តដែលពាក់ព័ន្ធទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ ដោយគិតគូរដល់ការអំពាវនាវរបស់សហគមន៍អន្តរជាតិសូម ឱ្យ ប្រើប្រាស់មធ្យោបាយ ការទូត ដើម្បីផលប្រយោជន៍នៃការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចប្រឹងប្រែងផ្នែកការទូត រួមទាំងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ គួរតែបន្តស្ថិតនៅជាអាទិភាព។

៤)អាស៊ានសូមបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួនដើម្បីដើរតួនាទីស្ថាបនា រួមទាំងតាមរយៈការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹង និងនាំមកនូវការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដែលអាចផ្ទៀងផ្ទាត់ ហើយមិនប្រែក្រទ្បាស់បាន និងប្រកបដោយសន្តិវិធី ។ អាស៊ានសូមសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាព និងស្ថិរភាព ក៏នឹងមានសារប្រយោជន៍ ដល់ការអភិវឌ្ឍ និងវិបុលភាពសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េព្រមទាំងតំបន់ទាំងមូលផងដែរ៕