សេចក្តីប្រកាសព័ត៌មាននិង ធ្វើការបកស្រាយបំភ្លឺជូនសាធារណៈជនករណីកម្លាំងចំរុះចុះចាក់សោឡាននៅហ្គារាស់សាំងដេប៉ូតេឡា…
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានករណីមួយកើតឡើងក្នុងដែនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយសារមានក្រុមការងារកម្លាំងចំរុះចុះចាក់សោឡាននៅហ្គារាស់សាំងដេប៉ូតេឡា មានទីតាំងស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។





យើងខ្ញុំសូមធ្វើការបកស្រាយបំភ្លឺជូនសាធារណៈជនដូចខាងក្រោម÷
១-ជាសកម្មភាពក្រុមចំរុះ ចុះអនុវត្តតាមសេចក្តីណែនាំរបស់គណបញ្ជាការឯកភាពខេត្តលេខ ០០១.១៩ សណន ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ និងការរៀបចំសណ្តាប់ធ្នាប របៀបរៀបរយសាធារណ: និងបរិស្ថាន អនាម័យនៅក្នុងក្រុងសៀមរាប ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
២-បុរសស្លៀកពាក់ឯកសណ្ឋាននគរបាល មិនមែនជាមន្ត្រីក្របខណ្ឌនគរបាលជាតិនោះទេ គាត់ជាប្រជាការពារឈ្មោះ ជាន ផល្លា អត្តលេខ ០០៧៥ ដែលស្ម័គ្រចិត្តចូលរួមសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត-ក្រុងសៀមរាប។
៣-កន្លងមកកម្លាំងអនុវត្តច្បាប់ពិនិត្យឃើញថា ក្រុមរថយន្ដតាក់ស៊ីមួយចំនួនតូច គឺពួកគាត់ពុំព្រមចូលចាប់ភ្ញៀវ និងដាក់ភ្ញៀវនៅក្នុងបេនតាមការណែនាំរបស់អាជ្ញាធរខេត្តឡើយ ពួកគាត់តែងតែយកកន្លែងស្ថានីយ៍ប្រេង ឬភោជនីយដ្ឋាន និងទីតាំងជួសជុលរថយន្ត ធ្វើជាជំរកដើម្បីជាលេសក្នុងការចាប់ម៉ូយនៅតាមដងផ្លូវដែលធ្វើអោយមានភាពរញ៉េរញ៉ៃ និងបាត់បង់សណ្តាប់សាធារណៈ ក៏ដូចជាសោភណ្ឌភាពក្រុងសៀមរាប មានពេលខ្លះធ្វើអោយបាត់សម្ភារ:របស់ភ្ញៀវទៀតផង ។
៤-ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមការយោគយល់អធ្យាស្រ័យខ្ពស់ពីសាធារណៈជន និងបណ្តាញសង្គមដែលខ្វះការត្រួតពិនិត្យចំពោះប្រជាការពាររូបនោះ ក្នុងការប្រើប្រាស់ឯកសណ្ឋាននគរបាលក្នុងកិច្ចសហប្រតិបត្តិការចុះអនុវត្តភារកិច្ច។ យើងខ្ញុំនឹងពង្រឹងការអនុវត្តវិន័យរបស់កងកម្លាំង នគរបាលជាតិ ធ្វើការអប់រំណែនាំ និងឈានដល់អនុវត្តច្បាប់ចំពោះមន្ត្រីដែលអនុវត្តខុសតាមទម្ងន់ទោសជាក់ស្តែង។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកនិយប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាប់ជាព័ត៌មានតាមការគួរ។