សំកុស ឬភ្នំខ្មោច (១៧៥១ម)

ភ្នំសំកុសដែលអ្នកភូមិក្នុងតំបន់ហៅថាភ្នំខ្មោចមានកម្ពស់១៧៥១ម ធៀបនឹងកម្រិតទឹកសមុទ្រ និងជាភ្នំខ្ពស់លំដាប់ទី២នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់។ ភ្នំនេះស្ថិតនៅជួរភ្នំក្រវ៉ាញកណ្ដាលនិងក្រោមការគ្រប់គ្រងរបស់ដែនជម្រកសត្វព្រៃភ្នំសំកុស ហើយមានភូមិសាស្ត្រស្ថិតនៅក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់ ដែលមានចម្ងាយប្រហែល៣២០គ.ម ពីភ្នំពេញ។

ការឡើងភ្នំនេះមានការលំបាកគួរសម្យដែរសម្រាប់អ្នកមិនធ្លាប់មានបទពិសោធន៍ឡើងភ្នំឬដើរព្រៃកម្រិតខ្ពស់ព្រោះស្ថានភាពផ្លូវនៅមានលក្ខណៈដើមច្រើននៅឡើយ ខ្វះទឹកនៅខែប្រាំង មានចំណោតច្រើន រអិល សម្បូរសត្វល្អិត និងមានកក្តាផ្សេងៗជាច្រើនទៀត។ ដើម្បឺធ្វើដំណើរទៅដល់កំពូលភ្នំសំកុសអ្នកគួរចំណាយពេល៣ថ្ងៃ២យប់ដោយត្រូវចេញពីភ្នំពេញម៉ោង៣.៣០នាទីព្រឹកថ្ងៃទី១ ហើយនឹងដល់ភូមិនៅម៉ោងប្រមាណ១០.៣០នាទីព្រឹករួចបន្តដំណើរដោយម៉ូតុឌុបរបស់បងប្អូនសហគមន៍ឆ្លងកាត់អូរ ភក់ ចំណោតថ្ម និងផ្លូវរអិលម្ងាយ១១.៥គ.ម ក្នុងរយៈពេលជាង២ម៉ោង និងត្រូវដើរ៥០០ម ទៀតដើម្បីទៅដល់ជុំរុំទីមួយដែលនៅក្បែរប្រភពទឹកនិងមានរយៈកម្ពស់១០២៨ម ពីកម្រិតទឹកសមុទ្រ។ លោកអ្នកគួរសម្រាកនៅជុំទីមួយនេះដើម្បីសន្សំកម្លាំងឡើងទៅកំពូលនៅថ្ងៃបន្ទាប់។ នៅថ្ងៃទី២អ្នកគួរចេញពីជុំរុំទី១ពីព្រលឹមដោយញ៉ាំអារហារពេលព្រឹករួច និងខ្ចប់បាយថ្ងៃត្រង់ទៅញ៉ាំតាមផ្លូវដើម្បីសន្សំពេលវេលា។ ពីជុំរុំទី១ទៅកំពូលមានចម្ងាយផ្លូវ៦គ.ម ដោយត្រូវប្រើពេលពី៣កន្លះទៅ៤ម៉ោងអាស្រ័យតាមល្បឿននៃការដើររបស់អ្នក។ នៅពាក់កណ្ដាលផ្លូវអ្នកអាចឈប់សម្រាកនៅចំណុចជ្រាំងដាច់ដែលអ្នកអាចសម្រាកមើលទេសភាពដ៏ស្រស់ស្អាតពីលើភ្នំ ថែមទាំងមានទឹកធ្លាក់នៅក្បែរនោះទៀតផង ល្មមនឹងអ្នកអាចងូតលេង (បើងចង់ឬចាំត្រលប់មកវិញក៏បាន) និងអាចជ្រោះទឹកឬដាំតែពិសារលេងសិន។ ដំណាក់នេះមានចម្ងាយជាង៣គ.ម ពិជុំរុំទី១ និងមានកម្ពស់១៤៧៨ម។ នៅមម៉ោង១១.៣០នាទី អ្នកអាចទៅដល់កំពូលភ្នំសំកុស ហើយសម្រាកញ៉ាំបាយ ថតរូបទុកជាអានុស្សាវរិយ៍ រួចអ្នកអាចចុះមកវិញបានដោយនឹងមកដល់ដំណាក់ទីមួយវិញនៅម៉ោងប្រមាណជា៣.៣០នាទី ឬម៉ោង៤ជាង។ នៅថ្ងៃទី៣អ្នកអាចចាប់ផ្ដើមចុះពីជុំរុំទី១ មកកន្លែងជិះម៉ូតូនៅម៉ោង៨ពីព្រឹកដោយថ្មើរជើងរួចបន្តជិះម៉ូតូចុះមកភូមិ វិញ។ អ្នកអាចនឹងដល់ភូមិវិញនៅម៉ោងប្រហែលជា១០.៣០នាទី ហើយត្រៀមខ្លួនចេញមកភ្នំពេញវិញ ឬអ្នកអាពិសារអាហារថ្ងៃត្រង់នៅភូមិសិនក៏បាន។

ដំណើរបែបផ្សងព្រេងមួយនេះពិតជាអស្ចារ្យទាំងការជិះម៉ូតូកាត់ព្រៃ កាត់អូរ ឡើងចំណោត ការស្នាក់នៅជុំរុំដ៏ត្រជាក់ និងស្ងប់ស្ងាត់ ហូបអាហារបែបអ្នកដើរព្រៃ ពិសេសនៅតាមផ្លូវទៅជុំទី១និងទៅកំពូលអ្នកអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃព្រឈើ កំពូលភ្នំតូចធំ រុក្ខជាតិប្លែកៗនៅក្នុងព្រៃ ក៏ដូចជាសម្រស់ដ៏ស្រស់នៃព្រៃឈើបៃតងខ្ចី ពិសេសអ្នកអាស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីព្រៃដ៏ក្រាស់និងត្រជាក់មួយនេះ។

អ្នកគួរតែសាកល្បងវា តែកុំភ្លេចសូមជួយរក្សាបរិស្ថានទាំងអស់គ្នា។

គិតត្រឹមថ្ងៃទី១៧​ កក្កដា​ ២០២០​ KHMER The Jungle គឺជាក្រុមទី៧​ ដែលបានទៅដល់ភ្នំសំកុសសម្រាប់ឆ្នាំ២០២០។

ប្រភព: KHMER The Jungle