សំណាងមានGPS! ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត

កណ្តាល៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ មានករណីលួច(រថយន្ត) មួយកើតឡើង នៅចំណុចលើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ បង្កដោយជនសង្ស័យ ០១នាក់ ភេទប្រុស បានធ្វើសកម្មភាពលួច បើកយកទៅរថយន្តរបស់ជនរងគ្រោះទៅបាត់ ខណៈពេលជនរងគ្រោះចតចោលនៅលើចិញ្ចើមថ្នល់ ដើម្បីចូលហូបបាយ។ លុះចេញមកវិញក៏បាត់រថយន្តតែម្តង ហើយបានប្រាប់ខាងក្រុមហ៊ុនឲ្យឆែកជីភីអេស(GPS) ហើយជិះម៉ូតូតាមរក ក៏ជួបនៅពាក់កណ្តាលផ្លូវ បានឃាត់រថយន្តឲ្យឈប់ ពេលនោះជនសង្ស័យបានឈប់រថយន្តរត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថជួយអន្តរាគមន៍ឃាត់ជនសង្ស័យបានតែម្តង។

វត្ថុតាងចាប់យករួមមាន:
រថយន្ត ០១គ្រឿង(របស់ជនរងគ្រោះ)។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។