ស្រីស្អាតរូបស្រស់លេងមួយក្បាច់ផ្អើលទាំងយប់រំលងអធ្រាត្រ
រាជធានីភ្នំពេញ ៖ នារីរូបស្រស់សោភាម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនដឹកគ្នីគ្នាក្នុងស្ថានភាពស្រវឹងរួចក៏បានបួងចង្កូតបត់ស្តាំមិនប្រយ័ត្នក៏ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវទៅមុខលែងរួចកាលពីវេលាម៉ោង១២អធ្រាត្រ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបR6 តាមបណ្តោយផ្លូវR6កែងនឹងផ្លូវR5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក តូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-1815 និងមិត្តភក្ដិប្រុសស្រីចំនួន២នាក់ទៀតរួមដំណើរជាមួយ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវR6 ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន ។

លុះមកដល់ចំណុចស្តុបកើតហេតុរថយន្តខាងលើក៏បានបួងចង្កូតបត់ស្តាំទៅផ្លូវR5 ដោយក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុកនឹងខឿនពុះចែកទ្រូងបណ្ដាលឲ្យបែកបាក់អស់មួយចំណែកតូច ។ ចំណែកឯរថយន្តបានហោះឡើងទៅកល់ជាប់ពីលើខឿនពុះចែកទ្រូងផ្លូវរងការខូចខាតក្រពឹតនិងបាក់យ៉ាន់កង់ទាំងមុខទាំងក្រោយផ្នែកខាងឆ្វេង។ បន្ទាប់មកអ្នកបើកបររថយន្តបង្ក ក៏បានហៅប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុនិងឈប់ចោមរោមមើលឲ្យជួយរុញរថយន្តចេញពីលើខឿនពុះចែកទ្រូងផ្លូវវិញ ។

ក្រោយពេលកើតហេតុ ក៏មានសន្តិសុខដែលមើលការខុសត្រូវនៅក្នុងតំបន់បឹងកក់បានមកអន្តរាគមន៍ព្រោះដោយសារតែផ្លូវខាងលើគឺជាកម្មសិទ្ធិឯកជន បន្ទាប់មកក៏មានដំណាងភាគីខាងអ្នកបើករថយន្តបង្កបានចូលខ្លួនមកធ្វើការដោះស្រាយ ដោយភាគីខាងរថយន្តបង្កមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏ព្រមធ្វើការជួសជុលខឿនពុះចែកទ្រូងឲ្យឡើងវិញដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕
ប្រភព៖ https://kohsantepheapdaily.com.kh/