«ស្រែសង្គម»នៅមិនឆ្ងាយប៉ុន្មានពីភូមិព្រះដាក់ វាលស្រែ៤០ហិកតា ដែលធ្លាប់តែមានពណ៌បៃតងស្រស់ខ្ចី កំពុងតែផ្លាស់ប្តូរមកជាពណ៌មាសបណ្តើរៗហើយ
ទិដ្ឋភាពស្រូវទុំ ដែលប្រៀបបាននឹងកម្រាលព្រំក្រាលគ្របលើផ្ទៃដីដ៏ធំល្វឹងល្វើយ បង្កើតបានជាទេសភាពដ៏ស្រស់ត្រកាលមួយ ប្រៀបបាននឹងគំនូរមួយផ្ទាំង “គូរដោយដៃសប្បុរសជនក្នុងបុព្វហេតុមនុស្សធម៌” ដែលកំពុងតែផ្តល់ភាពមនោរម្យទាំងផ្លូវកាយ និងផ្លូវចិត្ត ជាពិសេសនៅពេលដែលបានដឹងថា មនុស្សរាប់ពាន់នឹងបានទទួលផលពីគម្រោងដ៏សាមញ្ញមួយនេះ។
អ្នកបច្ចេកទេសកសិកម្មបានលួចខ្សឹបប្រាប់ខ្ញុំថា យើងប្រហែលជាអាចទទួលបានទិន្នផលចន្លោះពី៣តោន ទៅ៣តោនកន្លះក្នុងមួយហិកតា ដែលកំពុងតែបានផ្តល់ក្តីសង្ឃឹមសារជាថ្មីដល់ក្រុមការងារគម្រោង”ស្រែសង្គម” ក្រោយពីខិតខំប្រឹងប្រែងអស់រយៈកាលជិត៤ខែកន្លងមក។ ក្រុមការងារនឹងរៀបចំប្រមូលផលជាដំណាក់កាលៗ ដោយហេតុតែការចាប់ផ្តើមគម្រោងមិនបានដំណាលគ្នាកាលពីដំបូង តែនឹងបញ្ចប់ការប្រមូលផលទាំងស្រុងយ៉ាងយូរត្រឹមពីរសប្តាហ៍ទៀតប៉ុណ្ណោះ។


