ហ៊ានណាស់! ប្រព្រឹត្តបែបនេះដាក់នារីបរទេស២នាក់ តែចប់ត្រឹមអ្នករត់កង់បី
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ2នាក់ជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្មដែលកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ កំណត់មុខសញ្ញាតាមបង្ក្រាបនោះ បានចេញធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងពីស្ត្រីជនជាតិហ្វីលីពីន2នាក់ដែលជិះលើម៉ូតូកង់បីមួយគ្រឿង តែមិនបានសម្រេច ហើយបម្រុងរត់គេចខ្លួន ក៏ត្រូវអ្នកបើកបរម៉ូតូកង់បីបន្ថែមល្បឿនដេញបុក និងកៀរឱ្យដួលទាំងម៉ូតូជនសង្ស័យ និងក្រឡាប់ទាំងកង់បី បណ្តាលឱ្យស្ត្រីជាប្រពន្ធម្ចាស់កង់បីរងរបួសបាក់ជើងឆ្វេង និងស្ត្រីរងគ្រោះជនជាតិហ្វីលីពីនទាំង2នោះរងរបួសស្រាល។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវម៉ៅសេទុង ជិតនឹងស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំងពីរនាក់ខាងលើ ១-ឈ្មោះ ជា ដេវិត ភេទប្រុស អាយុ១៩ឆ្នាំ និង២-ឈ្មោះ ម៉ង់ ចាប៉ង់ ភេទប្រុស អាយុ២០ឆ្នាំ ដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ុគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខ 1HZ5210 (ជាមធ្យោបាយជិះធ្វើសកម្មភាព)។ ចំណែកម្ចាស់កង់បីរងគ្រោះឈ្មោះ សារ៉ន ណារិន ភេទប្រុស អាយុ35ឆ្នាំ និងប្រពន្ធរងគ្រោះបាក់ជើងឆ្វេងឈ្មោះ ជី សុច័ន្ទ អាយុ35ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រីឯភ្ញៀវស្ត្រី២នាក់ជាជនជាតិហ្វីលីពីន មិនត្រូវបានឱ្យស្គាល់ឈ្មោះនោះទេ។

បើតាមប្រភពពីបុរសម្ចាស់កង់បីបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានដឹកប្រពន្ធកូនដើរលេង ដោយជិះចេញពីសង្កាត់ព្រែកប្រា លុះមកដល់ជិតនឹងម្តុំបឹងត្របែក ក៏មានភ្ញៀវ booking ម៉ូតូកង់បីរបស់គាត់តាម App TADA នៅម្តុំផ្សារបឹងត្របែកនោះ ។
បុរសជាម្ចាស់កង់បីបន្តថា ពេលនោះគាត់ក៏ទទួល និងជិះទៅដល់កន្លែងដែលភ្ញៀវចាំ ក៏ឃើញមានស្រី2នាក់ជាជនជាតិបរទេសបាននៅចាំគាត់ រួចក៏បានឡើងម៉ូតូកង់បីឱ្យជូនពួកគាត់ទៅម្តុំរង្វង់មូលកាំកូស៊ីធី ដោយធ្វើដំណើររួមគ្នាជាមួយគ្រួសារគាត់ ។ តែប្រពន្ធគាត់អង្គុយខាងឆ្វេងដៃគាត់ ចំណែកកូនប្រុសតូចអង្គុយពីមុខ ហើយភ្ញៀវបរទេសទាំង២នាក់នោះអង្គុយខាងក្រោយ រួចក៏ធ្វើដំណើរចេញពីផ្សារបឹងត្របែកឆ្លងកាត់តាមបណ្តោយមហាវិថីម៉ៅសេទុង ។

ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ២នាក់ជិះមូតូម៉ាកស៊ុយស៊ុគីនិច ពណ៌សលាយលឿង ជិះមកអែបខាងស្តាំម៉ូតូកង់បី បន្ទាប់មកក៏ឆក់កាបូបស្ពាយចំហៀងពីនារីបរទេសនោះ តែមិនបានសម្រេចនោះទេ ដោយសារជនរងគ្រោះចាប់ទាញមកវិញទាន់។ ក្រោយមកហើយជនសង្ស័យក៏បន្ថែមល្បឿនបម្រុងរត់គេច តែក៏ត្រូវរូបគាត់ជាអ្នកបើកម៉ូតូកង់បី បានបន្ថែមល្បឿនដេញបុក និងកៀរ បណ្តាលជនសង្ស័យដួលម៉ូតូ និងក្រឡាប់ទាំងម៉ូតូកង់បីរបស់គាត់កិនជាប់ជើងប្រពន្ធខាងឆ្វេងបាក់ ហើយជនបរទេសទាំងពីរនាក់នោះរងរបួសស្រាល ចំណែកគាត់ និងកូនប្រុសតូចមិនមានរងរបួសអ្វីឡើយ។

ក្រោយពេលកើតហេតុភ្លាមៗ បន្ទាប់ពីមានការឆោឡោ ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយការិយាល័យព្រហ្មទណ្ឌស្រាលក្រសួងមហាផ្ទៃ កំពុងល្បាតពួនស្ទាក់រួមគ្នាក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាជនជាតិហ្វីលីពីនបានឡើងម៉ូតូកង់បីទៅព្យាបាលរបួសនៅមន្ទីរពេទ្យដោយខ្លួនឯងបាត់ទៅ ចំណែកនារីរងគ្រោះជាប្រពន្ធម្ចាស់កង់បីរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកដឹកទៅព្យាបាលរបួសភ្លាមៗងដែរ ចំណែកជនសង្ស័យទាំងពីរនាក់ត្រូវកម្លាំងសមត្ថកិច្ចការិយាល័យស្រាល ឃាត់ខ្លួនយកទៅកាន់ក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)

អត្ថបទ៖ https://kohsantepheapdaily.com.kh/