ហ៊ានម្ល៉េះ! នាំគ្នាប្រព្រឹត្តទាំងកណ្តាលថ្ងៃ គ្មានខ្លាចអីសូម្បីបន្តិច
ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរ២នាក់នាំគ្នាបើកឡានដើរលួចគោអ្នកស្រុកទាំងកណ្តាលថ្ងៃ ដោយគ្មានខ្លាចរអាសមត្ថកិច្ចសូម្បីតែបន្តិច ប៉ុន្តែនៅទីបំផុតសមត្ថកិច្ចតាមឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងទៀតផង។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ ឌី សៀ ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង និង២-ឈ្មោះ កូយ ហេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិមហាលំពាំងទី1 ឃុំសែនដី ស្រុកសំរោងទង ។ ចំណែកជនរងគ្រោះឈ្មោះ ថែម គន្ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរលាំងចក ស្រុកសំរោងទង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីម៉ោង៥និង៣០នាទីល្ងាច សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ថែម គន្ធា បានប្ដឹងឲ្យជួយអន្តរាគមន៍ បន្ទាប់ពីគាត់បានឃើញក្រុមជនសង្ស័យមួយក្រុមបើកឡានកូរ៉េ ហើយដឹកគោរបស់គាត់ឡើងឡានដឹកគេចចេញពីកន្លែងដែលគាត់ចងឲ្យស៊ីស្មៅ។

ប្រភពដដែលបន្តថា បន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះរួចមក សមត្ថកិច្ចនគរបាលឃុំត្រពាំងគង និងឃុំរលាំងចក បានចុះល្បាតស្រាវជ្រាវ រហូតប្រទះឃើញក្រុមជនសង្ស័យទាំង២នាក់កំពុងបើកឡានក៏ឃាត់ ដើម្បីសួរនាំតែម្ដង។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសាកសួរឈ្មោះ ឌី ស៊ែរ បានឆ្លើយសារភាពថា គោខាងលើនេះ ខ្លួនពិតជាបានលួចនៅចំណុចខាងលិចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ពិតប្រាកដមែន។ ក្រោយពីជនសង្ស័យបានសារភាពហើយ សមត្ថកិច្ចបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

សមត្ថកិច្ចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ហើយរាយការណ៍មកសមត្ថកិច្ចឲ្យទាន់ពេលវេលា ប្រសិនបើជួបករណីដូចខាងលើនេះ ងាយស្រួលក្នុងការចេញប្រតិបត្តិការបង្ក្រាបបានទាន់ពេលវេលា៕
អត្ថបទ៖ https://kohsantepheapdaily.com.kh/