អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ធលើចំណេញមូលធនចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាប់ផ្តើមអនុវត្តន៍ប្រមូលពន្ធលើចំណេញមូលធនចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ បន្ទាប់ពីពន្យាពេលអនុវត្តន៍ការប្រមូលពន្ធនេះតាំងពីខែកក្កដា។

យោងតាមប្រកាសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណេញមូលធន សំដៅដល់ប្រាក់ចំណូលដែលបានមកពីការលក់ ឬ ផ្ទេរមូលធន ក្រោយការដកចំណាយដែលអនុញ្ញាតដោយច្បាប់កំណត់។

ដោយឡែក មូលធន សំដៅទៅលើ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស។

អត្រាពន្ធលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០ភាគរយ។
អ្នកជាប់ពន្ធត្រូវបានអនុញ្ញាតឱ្យជ្រើសរើសវិធីគណនាចំណេញមូលធនណាមួយក្នុងចំណោមវិធីទាំង២ រួមមាន៖
១) វិធីកាត់កងចំណាយតាមការកំណត់ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយ ៨០ភាគរយ នៃប្រាក់ចំណូលដែលទទួលបានពីការលក់ ឬផ្ទេរទ្រព្យ និង
២) វិធីកាត់កងតាមចំណាយជាក់ស្តែង ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការកាត់កងចំណាយដែលបានកើតឡើងជាក់ស្តែង។

អគ្គនាយកពន្ធដារ ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា៖ «ឧទាហរណ៍ អ្នកលក់ដីបាន ១ លានដុល្លារ។ សម្រាប់វិធីទី ១ យើងមិនមែនយកពន្ធលើ ១ លានដុល្លារនេះទេ។ យើងអនុគ្រោះ ឱ្យគាត់កាត់កងចំណាយដល់ទៅ ៨០% ។ មានន័យថា គាត់ចំណេញតែ ២០ ម៉ឺនទេ ហើយជាប់ពន្ធ ២០% ពោលគឺត្រូវបង់ពន្ធត្រឹមតែ ៤ ម៉ឺនប៉ុណ្ណោះ»។

ឯកឧត្តម បន្តថា៖ ការអនុវត្តពន្ធលើចំណេញមូលដ្ឋានគឺធ្វើឡើងដូចទៅនឹងប្រទេសដទៃផ្សេងទៀត ដែលអត្រាពន្ធលើចំណេញមូលធន មានរហូតដល់៤០% ទៅ៥០% ដូចជាប្រទេសបារាំង និងអូស្ត្រាលី។

«រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអគ្គនាយកពន្ធដារប្រមូលពន្ធលើចំណេញមូលធននេះចាប់តាំងពី ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែដោយសារយើងខ្ញុំត្រូវការពេលវេលាដើម្បីធ្វើការផ្សព្វផ្សាយ ដូច្នេះមានការពន្យាពេលនូវការអនុវត្តពន្ធលើចំណេញមូលធននេះ ទៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១»។

ឯកឧត្តម គង់ វិបុល បញ្ជាក់ថា ពន្ធដារកំពុងផលិតវីដេអូ អប់រំស្តីពីការប្រមូលពន្ធលើចំណេញមូលធនទៅអ្នកជាប់ពន្ធ បានយល់ពីនីតិវិធីនៃការប្រមូលពន្ធ និងការគណនា ក្នុងអំឡុងពេលពន្យាពេលនេះ៕

ប្រភព៖construction-property